ភ្នំពេញ៖ យោងតាមហ្វេសប៊ុកផ្លូវការរបស់សណ្ឋាគារ Le Palais នៅប្រទេសថៃធ្វើការសុំទោសចំពោះកំហុស និងបញ្ជាក់ទៀតថាខ្លួនគ្មានចេតនាបំពានលើប្រាសាទ និងវប្បធម៌របស់កម្ពុជាទេ ដែលយករចនាបថប្រាសាទអង្គរវត្ត តុបតែងលម្អនៅសណ្ឋាគារ។
ប្រភពដដែលបន្តថា ការដំណើរការសណ្ឋាគារ ធ្វើឡើងដោយការកោតសរសើរ ចំពោះសិល្បៈដ៏អស្ចារ្យនេះ ។ សំណង់ និងការតុបតែង កើតចេញពីស្នាដៃ និងបេះដូង ដោយក្រុមការងារកម្ពុជា–ថៃ ។ ភាពអស្ចារ្យនៅតែជារបស់អង្គរវត្ត មិនអាចប្រៀបផ្ទឹមបានឡើយ។
បើតាមការលើកឡើងរបស់អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈលោក ឡុង ប៉ុណ្ណាសិរីរត្ថ បានឱ្យដឹងថា ក្រសួងវប្បធម៌ បានកំពុងសិក្សាពីបញ្ហានេះ។ ដោយឡែកចំពោះការមានចំណាត់ការបែបណា ក្រសួងមិនទាន់បញ្ជាក់នោះឡើយ។ លោកបន្តទៀតថា រដ្ឋាភិបាលនៅតែធ្វើលើគោលការណ៍គតិយុទ្ធជាតិ-អន្តរជាតិ ការចចារ និងការដែលត្រូវជជែកផ្ដល់ជាមតិយោបល់បើសិនមានចំណុចវិជ្ជមានណាមួយ។
យោងតាមកាសែតបាងកកប៉ុស្តិ៍ សណ្ឋាគារ Le Palais បានបង្កើតឡើងកាលពីឆ្នាំ២០១៤ ដោយប្តីជនជាតិបារាំង និងប្រពន្ធជនជាតិខ្មែរ បានចូលភាគហ៊ុនជាមួយអ្នកវិនិយោគថៃ ដើម្បីកសាងសណ្ឋាគារ ដែលមានរចនាបទ្មបែបខ្មែរនេះឡើង។
ដោយឡែក លោក Vichai Khongmun ប្រធានសមាគមទេសចរណ៍ នៅខេត្ត Koh Phangan ប្រទេសថៃ យល់ឃើញថា ការកសាងសណ្ឋាគារដោយយករចនាបទ្មអង្គរវត្តនេះ គឺជារឿងល្អទៅវិញទេ សម្រាប់កម្ពុជា។ដោយលោកបានលើកឡើងថា (រចនាបទ្មសណ្ឋាគារបែបអង្គរវត្ត)នេះ វានឹងជំរុញឲ្យភ្ញៀវទេសចរណ៍ទៅទស្សនាទីតាំងពិតប្រាកដផ្ទាល់តែម្ដង»។
គួរបញ្ជាក់ថា បើយោងតាម Page ដែលមានឈ្មោះថា Amazing SEA Culture បានបង្ហោះលើបណ្ដាញសង្គម ដោយរិះគន់ខ្លាំងៗទៅលើសណ្ឋាគាររបស់ថៃមួយកន្លែង ដែលមានទីទាំងស្ថិតនៅកោះ Ko Pha Ngan ខេត្ត Surat Thani ភាគខាងត្បូងនៃប្រទេសថៃ មានឈ្មោះថា“Le Palais Hotel”បានយករចនាប័ទ្ម នៃសម្បតិ្តបេតិកភណ្ឌពិភពលោកដែលជាកម្មសិទ្ធរបស់ប្រទេសកម្ពុជា ជាច្រើនទៅសង់ឡើងវិញដើម្បីតុបតែងលម្អក្នុងបរិវេណសណ្ឋាគាររបស់ពួកគេ។ ចំពោះរចនាប័ទ្មនៃប្រាសាទរបស់ប្រទេសកម្ពុជាដែលសណ្ឋាគារថៃមួយនេះបានយកទៅសង់ឡើងវិញនោះមានដូចជា៖ រូបចម្លាក់នៃប្រាសាទអង្គរវត្ត ប្រាសាទអង្គរធំ និងប្រាសាទបន្ទាយស្រីជាដើម៕ដោយ៖ស តារា