ព័ត៌មានទាន់ហេតុការណ៍៖

ប្តីប្រពន្ធចេញពីផ្ទះទៅលក់ដូរចោរគាស់ផ្ទះលួចយកអស់ជិត៥មុឺនដុល្លារ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ជាម្ចាស់ផ្ទះបានដឹកកូនទៅសាលារៀនពេលត្រឡប់មកវិញឃើញចោរគាស់ផ្ទះទាំងកណ្ដាលថ្ងៃត្រង់ក៏ស្ទុះចូលទៅមើលក្នុងផ្ទះទើបដឹងថាត្រូវចោរលួចទ្រព្យសម្បត្តិអស់ជាច្រើនមុឺនដុល្លារ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ថ្ងៃទី០៦ ខែ តុលា ឆ្នាំ ២០២០នៅចំណុចផ្លូវលេខ៤១៨ ស្ថិតក្នុងភូមិ៣ សង្កាត់ ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាមប្រភពបានឱ្យដឹងថា បុរសម្ចាស់ផ្ទះខាងលើបានរាយការណ៍ប្ដឹងទៅអាជ្ញាធរមានសមត្ថកិច្ចឱ្យដឹងថាមានចោរគាស់ផ្ទះគាត់ទាំងកណ្ដាលថ្ងៃពេលមេឃកំពុងធ្លាក់ភ្លៀងខ្លាំង។ ពេលដឹងព័ត៌មាននេះ នៅថ្ងៃដដែល កម្លាំងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលទួលទំពូង២សហការជាមួយផ្នែកព្រហ្មទណ្ឌខណ្ឌចំការមនបានចុះមកត្រួតពិនិត្យផ្ទះកើតហេតុក៏មានពន្លឺថាចោរមានគ្នា២នាក់អាយុខ្ទង់៣០ឆ្នាំជិះម៉ូតូ១គ្រឿងមិនចាំម៉ាកមកឈប់នៅមុខផ្ទះជនរងគ្រោះ ហើយពេលនោះអ្នកជិតខាងឃើញដែរតែមិនចាប់អារម្មណ៍ថាជាចោរស្មានតែគ្រួសារអ្នករងគ្រោះឱ្យមកបើកទ្វារយកសម្ភារ។

  បើតាមសម្ដីរបស់ជនរងគ្រោះឈ្មោះ លៀង ភេទស្រី អាយុ ៤៥ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះកើតហេតុខាងលើ បានឱ្យដឹងថា មុនពេលកើតហេតុគាត់២នាក់ប្ដីប្រពន្ធបានចេញទៅលក់ដូរដូចសព្វដងរាល់ព្រឹក ទាល់តែល្ងាចបានមកវិញ ហើយពេលកូនចេញទៅសាលារៀនបានចាក់សោផ្ទះត្រឹមត្រូវចំនួន២គឺក្នុង១ក្រៅ១ តែមកដល់វេលាម៉ោង១និង៣០នាទីរសៀលពេលកូនត្រឡប់មកផ្ទះវិញឃើញទ្វារផ្ទះបើកចំហទើបបង្កការភ្ញាក់ផ្អើលទូរស័ព្ទមកប្រាប់ឪពុកថាចោរគាស់ផ្ទះលួចយកតុឈើចំនួន១ក្នុងនោះមានគ្រឿងអលង្ការមួយចំនួនសរុបទឹកប្រាក់ប្រហែល៧ពាន់ដុល្លារ, លុយខ្មែរចំនួន៦០លានរៀល, លុយដុល្លារ១៥០០០ដុល្លារ, សម្ភារខូចខាតសោទ្វារផ្ទះចំនួន២ខូចធ្លុះធ្លាយអស់ ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវរកជនល្មើសផងដែរ៕

 

ដោយ៖ជី ណា


ចែករំលែក៖