ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់គាំងបេះដូងស្លាប់ភ័យនឹងសមត្ថកិច្ច​ដេញចាប់រត់ចេញពីវង់អាប៉ោង

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់បានគាំងបេះដូងស្លាប់នៅក្នុងចំណោមមនុស្សជាច្រើននាក់ គ្រាដែលប្រឹងរត់គេចចេញពីវង់អាប៉ោងដោយការដេញចាប់របស់សមត្ថកិច្ច កាលពីរសៀល​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០២០ នៅ​ចំណុច​វាល​ត្រពាំង​ច្រាំង ខាងលិចភូមិ​ផ្គាំ ចម្ងាយ​ប្រហែល​៥០០​ម៉ែត្រ ក្នុងឃុំ​សិង្ហ ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ។
នគរបាលស្រុកអូរជ្រៅប្រាប់តាមទូរស័ព្ទនារសៀលថ្ងៃទី០៦ខែតុលាឱ្យដឹងថា ដើម្បីការពារភូមិឃុំមានសុវត្ថិភាពកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសិង្ហបានចុះប្រតិបត្តិការបង្ក្រាបវង់ល្បែងមួយកន្លែងដែលជនរងគ្រោះនិងមនុស្សផ្សេងទៀតបានជួបជុំគ្នាលេងល្បែង។
សមត្ថកិច្ចបន្ថែមថា អ្នកលេងបានដឹងខ្លួនមុន ហើយបានបំបែកហ្វូងរត់យករួចខ្លួន ខណៈក្រុមសមត្ថកិច្ចបានចុះទៅដល់កន្លែងលេង។ តែដោយឡែកបុរសខាងលើបានដួលដេកលើភ្លឺស្រែព្រោះតែជំងឺគាំងបេះដូង ហើយក៏បានស្លាប់គ្រាដែលសមត្ថកិច្ចព្យាយាមជួយនិងបញ្ជូនមកដល់មន្ទីរពេទ្យ។
សពជនរងគ្រោះឈ្មោះ នៅ ដា​រ៉ា អាយុ​៥៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​យាង​ថ្មី ឃុំ​កូប ស្រុក​អូរ​ជ្រៅ ។
អ្នកដែលឃើញហេតុការណ៍និយាយថាករណី​​នេះ​ជន​រង​គ្រោះ​ទំនង​ជាភ័យ​ខ្លាច​ខ្លាំងពេក និងប្រឹងរត់​រហូត​គាំងបេះដូង​ដួល​សន្លប់ ទើបបណ្តាល​ឲ្យ​បាត់បង់​ជីវិត​បែបនេះ។
​សមត្ថកិច្ច​អះអាង​ថា អ្នកលេង​ល្បែងស៊ីសង​ (​អាប៉ោង​) សមត្ថកិច្ចគ្រាន់តែ​ព្យាយាមឃាត់ខ្លួន​ពួកគាត់ដើម្បី​ធ្វើការ​អប់រំ​តែ​ប៉ុណ្ណោះ មិន​មាន​គោលការណ៍​ចាប់​ដាក់គុក​នោះ​ទេ ប៉ុន្តែ​ដោយ​អ្នកលេង​ល្បែង​នោះ​គាត់​ភ័យ​ពេក រត់​រហូត​គាំងបេះដូង​ដួល​ស្លាប់​។

បន្ទាប់​មក​សមត្ថកិច្ច​បាន​ប្រគល់​សាកសព​ឲ្យ​ក្រុម​សាច់ញាតិយកទៅធ្វើបុណ្យ​តាម​ប្រពៃណី​៕វណ្ណា


ចែករំលែក៖