ព័ត៌មានទាន់ហេតុការណ៍៖

គណបក្សប្រជាធិបតេយ្យ​ ថ្កោលទោសលោកត្រាំយ៉ាងខ្លាំង ពាក់ព័ន្ធ​ការលើកពីកូវីដ​-១៩ ក្រោយចេញពីមន្ទីរពេទ្យ

ចែករំលែក៖

អន្តរជាតិ៖ ពេលប្រធានាធិបតីអាមេរិក​ដូណាល់ ត្រាំ វិលត្រឡប់មកកាន់សេតវិមានវិញមិនដល់ពីរម៉ោងផង បណ្តាអ្នកនយោបាយមកពីគណបក្សប្រជាធិបតេយ្យ ​បានថ្កោលទោសយ៉ាងខ្លាំង ព្រោះតែលោកត្រាំ​បានទម្លាក់គ្រោះថ្នាក់ពីការឆ្លងកូវីដ​-១៩​ ដោយលោកត្រាំលើកឡើងថា​«ពលរដ្ឋអាមេរិកមិនត្រូវបារម្ភខ្លាំងពេកពីកូវីដ​-១៩នោះឡើយ»។
បេក្ខភាពប្រធានាធិបតីតំណាងឲ្យគណបក្សប្រជាធិបតេយ្យលោក ចូបៃឌិន​បានលើកឡើងថា «​ខ្ញុំសង្ឃឹមថា ប្រធានាធិបតីដែលបានឆ្លងកាត់អ្វីដែលខ្លួនបានឆ្លងកាត់ គួរតែផ្តល់មេរៀនត្រឹមត្រូវដល់ពលរដ្ឋអាមេរិក​»។
លោកត្រាំ បានពាក់ម៉ាស់ពេល​ចេញពីមន្ទីរពេទ្យ ប៉ុន្តែលោកបែរជាដោះម៉ាស់វិញពេល​ថតរូបនៅសេតវិមាន ខណៈមានមនុស្សជាច្រើននៅក្បែរនោះ។ តាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងអាមេរិក (CDC)បានបញ្ជាក់ថា អ្នកឆ្លងកូវីដ​-១៩ គួរតែ​កាត់ផ្តាច់ដោយខ្លួនឯងយ៉ាងតិច​១០ថ្ងៃ​ ចាប់ពីថ្ងៃរកឃើញវិជ្ជមានកូវីដ​-១៩​។ ការពាក់ម៉ាស់ជាវិធានការ​ល្អបំផុត​សម្រាប់ទប់ស្កាត់ការឆ្លង​ទៅកាន់អ្នកដទៃ ។
បេក្ខភាពប្រធានាធិបតីចូ បៃឌិន បានលើកឡើងថា «​លោកត្រាំ មិនពាក់ម៉ាស់ គឺមានគោលបំណងអ្វី? ដើម្បីព្រះជាម្ចាស់ សូមលោកស្រឡាញ់ជាតិ​ប្រជាពលរដ្ឋផង»។
តាមគម្រោង ប្រសិនបើមិនមានអ្វីប្រែប្រួលនោះ នៅថ្ងៃទី​១៥ខែតុលា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅតែមានបំណងចូលរួមក្នុងវេទិកាតស៊ូមតិលើកទី២ ជាមួយបេក្ខជនប្រធានាធិបតីមកពីគណបក្ស ប្រជាធិបតេយ្យ លោក ចូ បៃឌិន ក្នុងទីក្រុង Miami រដ្ឋផ្លរីដា៕ដោយ៖ធី រីណា


ចែករំលែក៖