ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសុខាភិបាលពង្រឹងការធ្វើចត្តាឡីស័កនៅតាមផ្ទះ និងតាមមណ្ឌលចត្តាឡីស័កឲ្យបានហ្មត់ចត់ ៩ចំណុច ដើម្បីចូលរួមការពារការចម្លងវីរុសកូវីដ-១៩ ចូលក្នុងសហគមន៍

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានចេញសេចក្តីណែនាំ ស្តីពីការពង្រឹងការធ្វើចត្តាឡីស័កនៅតាមផ្ទះ និងតាមមណ្ឌលចត្តាឡីស័កឲ្យបានហ្មត់ចត់ ដើម្បីចូលរួមការពារការចម្លងវីរុសកូវីដ-១៩ ចូលក្នុងសហគមន៍។ ក្នុងនោះ ក៏លើកចំពោះបុគ្គលដែលធ្វើចត្តាឡីស័កនៅផ្ទះ សូមអនុវត្តនូវវិធានការដូចខាងក្រោមនេះ ឲ្យបានពេញលេញក្នុង រយៈពេល១៤ថ្ងៃ៖
១. សូមនៅក្នុងបន្ទប់មួយដាច់ដោយឡែកពីគេរយៈពេល ១៤ថ្ងៃ ហើយបន្ទប់នោះ ត្រូវមានខ្យល់ចេញចូលល្អ ។
២. ត្រូវពាក់ម៉ាស និងរក្សាចម្ងាយយ៉ាងហោចណាស់ មួយម៉ែត្រកន្លះ ពីសមាជិកគ្រួសារផ្សេង ទៀត និងអ្នកដទៃ។

៣. កាត់បន្ថយការប្រើប្រាស់កន្លែងរួមគ្នា ដូចជាបន្ទប់ទឹក ផ្ទះបាយ ជាដើម ។
៤. ត្រូវតាមដានសុខភាពផ្ទាល់ខ្លួន៖ ឆែកកំដៅខ្លួន ២ដងក្នុងមួយថ្ងៃ ប្រសិនបើមាន គ្រុនក្តៅ ក្អក ឈឺបំពង់ក ហៀរសំបោរ ពិបាកដកដង្ហើម ឈឺក្បាល ឈឺសាច់ដុំ ឬរាក សូមរាយការណ៍ទៅ ទូរស័ព្ទលេខ ១១៥ ឬទៅក្រុមគ្រូពេទ្យដែលនៅជិតលោកអ្នក ដូចជាមណ្ឌលសុខភាព ឬមន្ទីរពេទ្យរដ្ឋ ជាដើម ។

៥. លាងដៃឲ្យបានញឹកញាប់ ជាប្រចាំ ជាពិសេស សំអាតដៃមុនពេល និងបន្ទាប់ពីរៀបចំអាហារ បន្ទាប់ចេញពីបង្គន់ និងនៅពេលដែលឃើញដៃកខ្វក់ ។
៦. ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬ កណ្តាស់ ដោយក្រដាសជូតមាត់ ក្រមា ឬបត់កែងដៃរួចហើយលាងសំអាតដៃភ្លាម

៧. បោះចោលកាកសំណល់ក្នុងធុងសម្រាមដែលមានគម្របបិទជិត ។
៨. សម្អាតបន្ទប់ទឹក ស្រោមពូក ខ្នើយ ភួយ និងបរិក្ខារប្រើប្រាស់ផ្សេងៗ ជាប្រចាំ ។
៩. កុំធ្វើដំណើរតាមការដឹកជញ្ជូនសាធារណៈ រថយន្តឈ្នួលរួមគ្នាជាមួយអ្នកដទៃនិងកុំទៅកន្លែងសាធារណៈ។

ក្រសួងសុខាភិបាល និងបន្តធ្វើការជូនដំណឹងដល់សាធារណជន អំពីការវិវត្តន៍នៃបញ្ហាសុខភាពតាម ទំព័រហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួងសុខាភិបាល www.cdcoh.gov.kh ដែលគេហទំព័រនេះមានសម្ភារ អប់រំសុខភាព ដែលអាចទាញយកមកមើល និងប្រើប្រាស់បាន។ សំរាប់ព័ត៌មានបន្ថែមសូមទាក់ទងលេខ ទូរស័ព្ទទាន់ហេតុការណ៍ ក្រសួងសុខាភិបាល លេខ ១១៥ ដោយឥតគិតថ្លៃ ឬទំនាក់ទំនងក្រសួងសុខាភិបាល តាមលេខទូរស័ព្ទ៖ ០១២ ៨២៥ ៤២៤ ឬ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖