អន្តរជាតិ៖ ដើម្បីធានានូវការឆ្លើយតបប្រកបដោយប្រសិទ្ធភាពប្រឆាំងជំងឺរាតត្បាតសកលកូវីដ-១៩ កាលពីថ្ងៃទី៥ ខែតុលាថ្មីៗនេះ មន្រ្តីជាន់ខ្ពស់ចិនប្រចាំ UN និងប្រទេសចំនួន២៥ផ្សេងទៀត បានទាមទារឲ្យដកហូតទណ្ឌកម្មជាបន្ទាន់ ដែលដាក់ដោយសហរដ្ឋអាមេរិក និងបណ្ដាប្រទេសលោកខាងលិច។
បើតាមអគ្គរដ្ឋទូតចិនប្រចាំ UN លោក Zhang Jun ថ្លែងជំនួសមុខឲ្យប្រទេសទាំង២៦នៅកិច្ចប្រជុំមួយនៃគណៈកម្មាធិការសិទ្ធិមនុស្សនៃមហាសន្និបាតអង្គការសហប្រជាជាតិ(UN) បានបញ្ជាក់ថា វិធានការបង្ខិតបង្ខំលក្ខណៈឯកតោភាគី បានរំលោភបំពានធម្មនុញ្ញអង្គការសហប្រជាជាតិ និន្នាការពហុភាគីនិយម និងរារាំងដល់ការគោរពសិទ្ធិមនុស្ស តាមរយៈការបង្អាក់ដល់សុខុមាលភាពប្រជាជនក្នុងប្រទេសដែលរងគ្រោះដោយសារជំងឺកូវីដ-១៩ និងប៉ះពាល់ដល់សិទ្ធិទទួលបានការថែទាំសុខភាព។
ក្នុងសេចក្តីថ្លែងការណ៍រួមប្រទេសទាំង២៦នេះ បានបញ្ជាក់ថា៖«សាមគ្គីភាពជាសកលនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ គឺជាអាវុធដ៏មានឥទ្ធិពលបំផុត ក្នុងការប្រយុទ្ធនិងយកជ័យជម្នះប្រឆាំងជំងឺកូវីដ-១៩»។ ឆ្លៀតក្នុងឱកាសនេះ ប្រទេសទាំងនេះជបានស្នើឲ្យដកហូតទាំងស្រុងនិងបន្ទាន់នូវទណ្ឌកម្មដែលដាក់ដោយសហរដ្ឋអាមេរិកនិងបណ្ដាប្រទេសលោកខាងលិចក្នុងគោលដៅធានាឲ្យបាននូវការឆ្លើយតបយ៉ាងពេញលេញ និងមានប្រសិទ្ធភាពរបស់សមាជិកទាំងអស់នៃសហគមន៍អន្តរជាតិប្រឆាំងកូវីដ-១៩។
សេចក្តីថ្លែងការណ៍រួមដដែលនេះ ក៏បានកត់សម្គាល់ថា ទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស និងស្នងការសិទ្ធិមនុស្សUN អ្នកស្រី Michelle Bachelet បានទទូចឲ្យលើកលែងទណ្ឌកម្មដែលប៉ះពាល់ដល់សមត្ថភាពប្រទេសណាមួយក្នុងការឆ្លើយតបជំងឺរាតត្បាតសកលនេះផងដែរ។
ជាក់ស្តែងក្នុងចំណោមបណ្ដាប្រទេសដែលគាំទ្រសេចក្តីថ្លែងការណ៍នេះ គឺពាក់កណ្ដាលហើយដែលស្ថិតក្រោមទណ្ឌកម្មរបស់សហរដ្ឋអាមេរិកសហភាពអឺរ៉ុប ឬប្រទេសលោកខាងលិចផ្សេងទៀត រួមមាន គុយបាកូរ៉េខាងជើង អ៊ីរ៉ង់ រុស្ស៊ី ស៊ីរី និងវេណេស៊ុយអេឡា។
គួរបញ្ជាក់ថា ទោះមិនទាន់មានការឆ្លើយតបណាមួយពីសំណាក់ស្ថានបេសកកម្មអាមេរិកប្រចាំ UN ក៏ដោយ។ ចំណែកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំUN លោក Christoph Heusgen ក៏បានសង្កត់ធ្ងន់ថា៖ ទណ្ឌកម្មរបស់សហភាពអឺរ៉ុប ពុំប៉ះពាល់ដល់ការដឹកជញ្ជូនជំនួយមនុស្សធម៌ ឬសម្ភារសុខាភិបាល ដែលនឹងជះឥទ្ធិពលលើការឆ្លើយតបរបស់ប្រទេសណាមួយប្រឆាំងកូវីដ-១៩ឡើយ៕ដោយ៖ស តារា