អន្តរជាតិ៖ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៍មាន CNA នៅថ្ងៃអង្គារទី៦ខែតុលាម្សិលមិញនេះ លោកស្រី Retno Marsudi រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី បាននិយាយថា កិច្ចសហប្រតិបត្តិការលើវ៉ាក់សាំង COVID-19 ជាមួយចិន នឹងមិន អាចជះឥទ្ធិពល ឬក៏ផ្លាស់ប្ដូរគោលជំហររបស់ទីក្រុងហ្សាការតា ជុំវិញសំណុំរឿងសមុទ្រចិនខាងត្បូងឡើយ។
ជាការឆ្លើយតបទៅនឹងសំនួរជាមួយ CNA ដែលសួរថាតើវ៉ាក់សាំងCOVID-19 អាចនឹងប៉ះពាល់ដល់គោលជំហរឥណ្ឌូណេស៊ី លើតំបន់ជម្លោះដែនទឹកជាមួយចិនដែរឬទេ។ លោកស្រី Retno Marsudi បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំអាចឆ្លើយបានយ៉ាងមុតមាំថាវានឹងមិនបង្កផលប៉ះពាល់អ្វីឡើយ ព្រោះវាគឺជារឿងពីរផ្សេងគ្នា ហើយនៅពេលយើងធ្វើការងារជាមួយគ្នាគឺមិនមែន ជាកិច្ចសហប្រតិបត្តិការគ្មានតុល្យភាព ឬក៏ផ្ដល់ផលប្រយោជន៍ឱ្យតែភាគីម្ខាងនោះទេ»។
បន្ថែមពីនេះទៅទៀតលោកស្រី Marsudi ថា៖ ទាំងក្រុមហ៊ុនចិន និងប្រទេសចិន រួមទាំងឥណ្ឌូណេស៊ី សុទ្ធតែទទួលបានផលចំណេញពីកិច្ចសហប្រតិបត្តិការនេះ។ មិនតែប៉ុណ្ណោះ លោកស្រី ក៏បានសង្កត់ធ្ងន់ថា៖ ទូកឬនាវានៃបណ្ដាប្រទេសដទៃ អាចស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសផ្ដាច់មុខរបស់ឥណ្ឌូណេស៊ី ក្នុងកោះ Natuna បាន បើសិនជាគ្រាន់តែចង់ ឆ្លងកាត់និងមានការអនុញ្ញាតជាមុន។
គួរបញ្ជាក់ដែរថា ឥណ្ឌូណេស៊ី មិនមែនជាភាគីជម្លោះដោយផ្ទាល់នៅក្នុងតំបន់សមុទ្រចិនខាងត្បូងនោះទេ ប៉ុន្តែមួយរយៈពេលចុងក្រោយនេះឆ្មាំសមុទ្រឥណ្ឌូណេស៊ី តែងតែចោទប្រកាន់ និងប៉ះទង្គិចគ្នាជាបន្ទាប់ជាមួយទូកនេសាទចិន ដែលចូលមកជុំវិញតំបន់ដែនទឹកកោះ Natuna ស្ថិតនៅភាគខាងត្បូងនៃផ្នែកមួយនៃជម្លោះ ដែនទឹកសមុទ្រចិនខាងត្បូង៕ដោយ៖សតារា