អន្តរជាតិ៖នៅសេតវិមានត្រូវបានគេចាត់ទុកថាជាសម្បុកកូវីដ-១៩ថ្មីនៅអាមេរិក ក្រោយពីមានករណីឆ្លងជាច្រើន រយៈពេលកន្លងមក។ មកទល់ពេលនេះ មានមន្ត្រីបុគ្គលិកនៅសេតវិមាន៣៤នាក់បានឆ្លងកូវីដ-១៩ ហើយបានឆ្លងរាលដាលដល់ មន្ត្រីយោធានៅក្រសួងការពារជាតិផងដែរ។
សារព័ត៌មានABC បានផ្សាយថា នៅក្នុងសេចក្តីប្រកាសកាលពីថ្ងៃទី៧ ខែតុលា ផ្ញើទៅកាន់ក្រសួងគ្រប់គ្រងគ្រោះអាសន្ន (FEMA) ដែលទទួលបន្ទុកប្រយុទ្ធប្រឆាំង ជំងឺឆ្លងនៅអាមេរិក ដោយក្នុងសេចក្តីប្រកាសបានបញ្ជាក់ថា មានមន្ត្រីបុគ្គលិកដល់ទៅ៣៤នាក់ឆ្លងកូវីដ-១៩។
តាមសេចក្តីប្រកាសរបស់ (FEMA) ក៏មិនបញ្ជាក់ថា តើមន្ត្រីឬបុគ្គលិកណាខ្លះនៅសេតវិមានដែលឆ្លងកូវីដ-១៩នោះ។ តួលេខថ្មីពីចំនួនអ្នកឆ្លងនៅសេតវិមានបង្ហាញឲ្យឃើញថា ស្ថានភាពកាន់តែអាក្រក់ ហើយរដ្ឋាភិបាលបានព្យាយាមទប់ស្កាត់ការបែកធ្លាយព័ត៌មានចេញទៅខាងក្រៅ។ កន្លងមក ABC បានផ្សាយថា មានមនុស្ស២៤នាក់នៅសេតវិមានឆ្លងកូវីដ-១៩ ហើយពេលនេះកើនឡើងដល់៣៤នាក់ហើយ។
នៅក្នុងសេចក្តីប្រកាសបានបង្ហាញឲ្យឃើញថា ទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ គឺHope Hicks និងStephen Millerបានឆ្លងកូវីដ-១៩ ផងដែរ។ មិនតែប៉ុណ្ណោះ ការឆ្លងរាលដាលដល់ក្រសួងការពារជាតិទៀតទើបបង្ខំឲ្យមន្ត្រីយោធាជាច្រើនរូបត្រូវធ្វើចត្តាឡីស័ក ៕ដោយ៖ធី រីណា