ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ មានការសោកស្ដាយយ៉ាងខ្លាំងចំពោះទង្វើរបស់កម្មករនិយោជិតរបស់ ក្រុមហ៊ុន ស៉ីនទ្រី មួយចំនួនដែលមិនបានគោរពតាមការព្រមព្រៀង ដូចមានចែងក្នុងកំណត់ហេតុ អង្គប្រជុំ ដែលបានធ្វើឡើងនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ម្សិលមិញ។
សូមបញ្ជាក់ថា៖ រហូតមកដល់ព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០នេះ កម្មករក្រុមហ៊ុន ស៉ីនទ្រី បន្ដមិនចេញប្រមូលសំរាមតាមការព្រមព្រៀង ក្នុងកិច្ចប្រជុំរកដំណោះស្រាយ កាលពីថ្ងៃម្សិលមិញ។
រដ្ឋបាលរាជធានីភ្នំពេញ មានការសោកស្ដាយយ៉ាងខ្លាំងចំពោះទង្វើរបស់កម្មករនិយោជិតរបស់ ក្រុមហ៊ុន ស៉ីនទ្រី មួយចំនួនដែលមិនបានគោរពតាមការព្រមព្រៀង ដូចមានចែងក្នុងកំណត់ហេតុ អង្គប្រជុំ ដែលបានធ្វើឡើងនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ម្សិលមិញ ក្រោមអធិបតីភាព លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
សូមរំលឹកថា ក្នុងអង្គប្រជុំរកដំណោះស្រាយ គ្រប់ភាគីទាំងអស់ ពិសេសកម្មករក្រុមហ៊ុន ស៉ីនទ្រី បានព្រមព្រៀងដូចខាងក្រោម៖
ទី១៖ ចំពោះសំណើរបស់កម្មករនិយោជិតទាមទារឲ្យក្រុមហ៊ុនដោះស្រាយពេលបញ្ចប់កិច្ចសន្យា ក្រុមហ៊ុនទទួលដោះស្រាយតាមច្បាប់ស្ដីពីការងារ ហើយរដ្ឋបាលរាជធានីភ្នំពេញ ជាអ្នកធានាខុសត្រូវ
ទី២៖ ចំពោះការងាររបស់កម្មករនិយោជិត ទៅថ្ងៃខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ ធានាមិនបាត់បង់ឡើយ ទើបបីក្រុមហ៊ុនស៉ិនទ្រី ដេញថ្លៃជាប់ ឬមិនជាប់ក៏ដោយ
ទី៣៖ សូមឲ្យកម្មករនិយោជិតទាំងអស់នាំគ្នាចូលធ្វើការងារជាធម្មតាវិញ ចាប់ពីរសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០នេះតទៅ។
ប៉ុន្ដែជាក់ស្ដែង នៅល្ងាចថ្ងៃទី០៧ ខែតុលា ដដែលកម្មករនិយោជិត ដែលជាអ្នកបើកបរ បានកែប្រែចិត្តមិនព្រមចេញឡានទៅប្រមូលសំរាម តាមការព្រមព្រៀងនោះឡើយ៕
ដោយ៖សិលា