ចំណេះដឹងទូទៅ៖ លោកអ្នកប្រហែលជាដឹងហើយថា ឈាមមនុស្សយើងត្រូវបានបែងចែកជាប្រភេទខុសៗគ្នា ហើយតើការបែងចែកនេះធ្វើឡើង ដោយសម្អាងទៅតាមអ្វីដែរ។
ឈាមមនុស្សយើងមាន៤ប្រភេទធំៗគឺឈាមប្រភេទ A, ប្រភេទ B, ប្រភេទAB និងប្រភេទ O ជាដើម។ ក្នុងនោះទៀតសោតក៏មានក្រុមបូក(+) និងក្រុមដក (-) ថែមទៀតផង។
ជាក់ស្តែងប្រភេទឈាមរបស់មនុស្សម្នាក់ គឺផ្អែកទៅលើថា តើពួកគេមានវត្ថុម៉្យាងហៅថា «អង់ទីសែន (Antigen)» នៅលើផ្ទៃនៃគ្រាប់ឈាមក្រហមរបស់ពួកគេដែរឬអត់។ ដើម្បីបែងចែកឈាមជាប្រភេទ A, B, AB និង O នៅពេលធ្វើតេស្តគេពិនិត្យរកមើលអង់ទីសែនចំនួនពីរ នៅលើគ្រាប់ឈាមក្រហម គឺ «អង់ទីសែន A» និង «អង់ទីសែន B»។ បើមានអង់ទីសែនA នោះជាឈាមប្រភេទ A ហើយបើមានអង់ទីសែន B នោះជាឈាមប្រភេទB។ បើអង់ទីសែនទាំងពីរតែម្តងគឺ ឈាមប្រភេទ AB ខណៈបើគ្មានអង់ទីសែនទាំងពីរតែម្តងវិញ គឺជាប្រភេទO។
ចំណែកការកំណត់ប្រភេទឈាម មានសារសំខាន់ជាពិសេសចំពោះការបញ្ចូលឈាមឲ្យអ្នកជំងឺ។ អ្នកជំងឺដែលមានឈាមក្រុមដក អាចទទួលឈាមតែពីក្រុមដកដូចគ្នាប៉ុណ្ណោះ ខណៈអ្នកដែលមានឈាមក្រុមបូក គឺអាចទទួលឈាមក្រុមបូកក៏បាន និងក្រុមដកក៏បាន។ លើសពីនេះទៀត ឈាមប្រភេទ A បានផ្តល់ឲ្យអ្នកជំងឺដែលមានឈាមប្រភេទ A ឬប្រភេទ AB។ រីឯឈាមប្រភេទ B អាចផ្តល់ឲ្យអ្នកជំងឺដែលមានឈាមប្រភេទ B ឬប្រភេទ AB។ចំណែកឈាម AB គឺអាចផ្តល់ឲ្យតែអ្នកមានឈាម AB ដូចគ្នាប៉ុណ្ណោះ។
សូមជម្រាបថា ក្នុងចំណោមប្រភេទ A, B, AB និង O នេះ គឺត្រូវបានបែងចែកចេញពីក្រុម A+, B+, AB+, O+, A-, B-, AB- និង O- ថែមទៀត។ ការកំណត់ + និង – នេះ គឺធ្វើឡើងដោយផ្អែកលើវត្តមានប្រូតេអ៉ីនម៉្យាងនៅលើផ្ទៃគ្រាប់ឈាមក្រហមរបស់យើង ហៅថា Rh Factor ឬRhesus System។ ក្រុមឈាមបូក គឺដោយសារពួកវាមានវត្តមានប្រូតេអ៉ីនRh នេះ ហើយក្រុមឈាមដក គឺដោយសារពួកវាគ្មានវត្តមាន Rh។
គួរបញ្ជាក់ថា សម្រាប់អ្នកមានឈាមប្រភេទ O វិញ គឺអាចផ្តល់ឲ្យអ្នកជំងឺមានឈាមប្រភេទណាក៏បានដែរទាំង A, B, AB និង O ផ្ទាល់។សម្រាប់ឈាមប្រភេទ O- ជាពិសេសនោះ អាចយកទៅប្រើជាលក្ខណៈសកលតែម្តងគឺផ្តល់ឲ្យអ្នកជំងឺដែលមានឈាម A+, B+, AB+, O+, A-, B-, AB- ឬO- ក៏បាន ខណៈអ្នកមានឈាមប្រភេទ AB+ អាចទទួលយកឈាមគ្រប់ប្រភេទនិងក្រុម គឺទាំងពី A+, B+, AB+, O+, A-, B-, AB- និង O-។ចំពោះប្រភេទឈាមដែលសម្បូរជាងគេលើពិភពលោក គឺឈាម O+ ខណៈប្រភេទឈាមដែលកម្រជាងគេគឺAB-៕ដោយ៖ស តារា