ព័ត៌មានទាន់ហេតុការណ៍៖

បាតុកម្មប្រឆាំង​សេចក្តីព្រាងច្បាប់ថ្មី នៅឥណ្ឌូនេស៊ី​

ចែករំលែក៖

នៅថ្ងៃទី​៨ខែតុលា ក្រុមសន្តិសុខ ប្រមាណជាង៩០០០នាក់ការពារជុំវិញវិមានប្រធានាធិបតីក្នុងរដ្ឋធានី ហ្សាការតា ប្រទេសឥណ្ឌូនេស៊ី ក្រោយពីមានបាតុកម្មទ្រង់ទ្រាយធំប្រឆាំងច្បាប់ថ្មីដែលមានឈ្មោះថាច្បាប់Ombinus បង្កឲ្យមានវិវាទយ៉ាងខ្លាំង ។

ច្បាប់ថ្មីនោះត្រូវបានសភាអនុម័តកាលពីថ្ងៃទី៦ខែតុលា ឆ្នាំ២០២០។
លោកYusri ប្រធានការិយាល័យ​ទំនាក់ទំនងមហាជននៃស្នងការដ្ឋានប៉ូលិសហ្សាការតា​បានឲ្យដឹងថា​ មានកម្លាំងសន្តិសុខដល់ទៅ ៩.៣៤៦នាក់ រួមមានប៉ូលិសនិងទាហាន​ដាក់ពង្រាយការពារ​សន្តិសុខជុំវិញវិមានប្រធានាធិបតី ទប់ស្កាត់ក្រុមបាតុករ​សម្រុកចូល​ទីនោះ​។
មានក្រុមបាតុករប្រមាណ២ម៉ឺននាក់ បាននាំគ្នាប្រមូលផ្តុំនៅមុខវិមានប្រធានាធិបតី ហើយក្រុមបាតុករនោះបានប្រមូលផ្តុំគ្នា​ដោយមិនមានលិខិតអនុញ្ញាតឡើយ​។ បាតុកម្មកើតឡើងចំពេលទីក្រុងហ្សាការតា កំពុងតែអនុវត្តច្បាប់គម្លាតសង្គមទប់ស្កាត់ការឆ្លងកូវីដ​-១៩​។ ប៉ូលិសទីក្រុងហ្សាការតា បានអំពាវនាវដល់ពលរដ្ឋកុំចូលរួមធ្វើបាតុកម្មព្រោះអាចបង្កឲ្យមានការឆ្លងកូវីដ​-១៩ ។
បាតុកម្មប្រឆាំងច្បាប់​ថ្មីកើតឡើងតាំងពីថ្ងៃទី ៦ខែតុលា ក្រោយសភាឥណ្ឌូនេស៊ីបានអនុម័តច្បាប់ Ombinus ដែលជាច្បាប់ត្រូវបានក្រុមបាតុករចាត់ទុកថា «គ្មានប្រជាធិបតេយ្យ» និង​ធ្វើឲ្យខាតបង់ដល់ពលករ ព្រមទាំងបរិស្ថាន​។
កម្លាំងសន្តិសុខទីក្រុងហ្សាការតា ក៏បានចាប់ខ្លួន​បាតុករ​២០០នាក់ផងដែរ ​។
តាមលទ្ធផលស្រាវជ្រាវ​បាតុកម្មកើតឡើងគឺតាមការអំពាវនាវនៅលើបណ្តាញសង្គម​។ អ្វីដែលគួរឲ្យបារម្ភនោះគឺមនុស្ស​២០០នាក់ដែលចាប់ខ្លួននោះធ្វើតេស្តរកកូវីដ​-១៩ ឃើញមាន​១២នាក់វិជ្ជមាន​​។
បច្ចុប្បន្ន ឥណ្ឌូនេស៊ីមានករណីឆ្លងកូវីដ-១៩ដល់ទៅ៣១៥.០០០នាក់ និងស្លាប់ជិត១១.៥០០នាក់៕

ដោយ៖ធី រីណា


ចែករំលែក៖