ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋប្រហែលជាងមួយរយនាក់ដាក់មែកឈើបាំងផ្លូវអស់រយៈពេល៥ម៉ោងដោយខឹងអាជ្ញាធរចុះរុះរើផ្ទះរបស់គាត់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ រដ្ឋបាលស្រុកស្ទឹងហាវបានឲ្យដឹងថា ចាប់តាំងពីម៉ោង១០និង៣០នាទីថ្ងៃទី០៨ខែតុលាឆ្នាំ២០២០ នៅផ្លូវសម្តេចសង្ឃទេពវង្ស ត្រង់ចំណុចច្រកចូលទៅទីតាំងដីសង្គមកិច្ច ស្ថិតក្នុងភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានប្រជាពលរដ្ឋច្រើននាក់បាននាំគ្នាបិទផ្លូវ(ផ្លូវសម្តេចសង្ឃទេពវង្ស) ដោយដាក់ដុំថ្មនិងមែកឈេី បណ្តាលឲ្យចរាចរណ៍តាមផ្លូវនោះស្ទះ យានយន្តមិនអាចបើកបរឆ្លងកាត់បានឡើយ ដើម្បីតវ៉ាជំទាស់ទៅនឹងវិធានការរបស់រដ្ឋបាលស្រុកដែលចុះរុះរើសំណង់លើដីតំបន់នោះ។
លោកឆាយ សុគន្ធដា អភិបាលស្រុកស្ទឹងហាវថ្លែងថា ករណីនេះគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបានសម្របសម្រួលដោះស្រាយដោយសន្តិវិធី រហូតមកដល់វេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃដដែលចរាចរណ៍តាមផ្លូវនេះបើកបានវិញជាបណ្តើរៗហើយ ។ ចំពោះសំណូមពររបស់ពលរដ្ឋ បើតាមលោកអភិបាលស្រុកបញ្ជាក់ថា ពលរដ្ឋដែលមិនមានដីសង់លំនៅឋាន សូមឲ្យដាក់ពាក្យស្នើសុំទៅកាន់រដ្ឋបាលខេត្ត ដើម្បីថ្នាក់ដឹកនាំខេត្តពិនិត្យដោះស្រាយ៕ឆ្លាម សមុទ្រ


ចែករំលែក៖