តំបន់ជាច្រើនក្នុងទីក្រុងដាណាងបានលិចលង់យ៉ាងខ្លាំង ហើយពលរដ្ឋត្រូវតែជម្លៀសខ្លួនតាមទូកទៅកាន់តំបន់មានសុវត្ថិភាព។ ពលរដ្ឋបានជញ្ជូនទ្រព្យសម្បត្តិ មានតម្លៃឡើងទៅកាន់ទីទួល ។
មន្ត្រីក្នុងតំបន់បានខិតខំជួយដល់ពលរដ្ឋក្នុងការជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាព។ អាយុជីវិតគឺជារឿងសំខាន់បំផុត។ តំបន់ជាច្រើនបានលិចលង់លើសពី ១,៥-២ម៉ែត្រ ដោយសារតែភ្លៀងធ្លាក់ខ្លាំងមិនដាច់។
ក្រៅពីនេះនៅខេត្ត វ៉ាងនិញក៏មានភ្លៀងធ្លាក់ខ្លាំងដែរ ពីថ្ងៃទី៦ មកដល់ថ្ងៃទី៨ខែតុលា ដោយមានកម្រិតទឹកភ្លៀងដល់ទៅ៤០៩ មិលី្លម៉ែត្រ ។ នៅពេលនេះពលរដ្ឋរស់នៅក្នុងស្រុកឡាវបាវ ត្រូវទឹកជន់លិចដល់ទៅ៣ម៉ែត្រ គឺទឹកលិចដល់ដំបូលផ្ទះតែម្តង។
មន្ត្រីក្នុងស្រុក ឡាវបាវ បានឲ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងកាលពីយប់ថ្ងៃទី ៧ខែតុលា ហើយនៅពេលពាក់កណ្តាលយប់ កម្រិតទឹកជន់ឡើងខ្ពស់បំផុត គឺខ្ពស់ជាងគ្រោះទឹកជំនន់កាលពីឆ្នាំ២០១៩ ដល់ទៅ ០,៥ម៉ែត្រ។
ភ្លៀងធ្លាក់ខ្លាំងបង្កជាគ្រោះទឹកជំនន់គ្របដណ្តប់ខេត្តក្រុងជាច្រើននៅភាគកណ្តាលប្រទេសវៀតណាម ប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅរបស់ពលរដ្ឋ ក៏ដូចជាផលដំណាំ សត្វចិញ្ចឹមនានា។ មានមនុស្សជាច្រើនបានបាត់ខ្លួន ប៉ុន្តែមិនទាន់ដឹងចំនួនច្បាស់លាស់នៅឡើយទេ៕ដោយ៖ធី រីណា