ព័ត៌មានទាន់ហេតុការណ៍៖

នៅថ្ងៃទី​១០ខែតុលា កូរ៉េខាងជើង​នឹងដង្ហែក្បួនព្យុហយាត្រាទ្រង់ទ្រាយធំ​

ចែករំលែក៖

រាល់សកម្មភាពរៀបចំសម្រាប់ពិធីដង្ហែក្បួនព្យុហយាត្រាយោធា ទ្រង់ទ្រាយធំ​​ក្នុងសប្តាហ៍នេះ ក្រោមអធិបតី​ភាពរបស់មេដឹកនាំ គីម ជុងអ៊ុន​។ តាមសារព័ត៌មាន យ៉ុងហាប់របស់កូរ៉េខាងត្បូងបានឱ្យដឺងថា រាល់សកម្មភាពបានត្រៀមលក្ខណៈរួចរាល់ទាំងស្រុង​​សម្រាប់ពិធីដង្ហែក្បួន។
សារព័ត៌មានរ៉យទ័រ​ បានផ្សាយថា ក្រុមអ្នកអង្គេតការណ៍អន្តរជាតិ​បានតាមដានយ៉ាងយកចិត្តទុកដាក់ដល់សកម្មភាព​ដង្ហែក្បួនយោធា សព្វាវុធ ក្នុងឱកាសខួប​​៧៥ឆ្នាំ ថ្ងៃ​បង្កើតបក្សពលករកាន់អំណាច​ដឹកនាំកូរ៉េខាងជើង​នៅថ្ងៃទី​១០​ខែតុលា​។
អ្វីដែលសហគមន៍អន្តរជាតិទន្ទឹងរង់ចាំ​នោះ មិនមែនការបង្ហាញអាវុធទំនើបៗនោះឡើយ គឺជាការប្រកាសសារនយោបាយដ៏សំខាន់​របស់មេដឹកនាំ គីម ជុងអ៊ុន​ទៅកាន់ពលរដ្ឋកូរ៉េខាងជើងនិងសហគមន៍អន្តរជាតិ​។ ប្រសិនបើសាររបស់គីម ជុងអ៊ុនពិតជាមានគោលបំណងចង់បានសន្តិភាព ការអភិវឌ្ឍប្រទេសជាតិនោះគឺជារឿងដ៏ល្អបំផុតសម្រាប់ពលរដ្ឋ​ប្រទេសនេះរួចផុតពី​​សង្គ្រាម។
ជាមួយគ្នានេះ ប្រធានាធិបតីកូរ៉េខាងត្បូង​ក៏បានស្នើដល់អាមេរិកសហការគ្នា​ពិភាក្សា ហើយចុះសន្ធិសញ្ញាសន្តិភាពបញ្ចប់សង្គ្រាមឧបទ្វីបកូរ៉េ​។​ នៅថ្ងៃទី​៨ខែតុលា ប្រធានាធិបតី​មូន ជេអុីន បានស្នើអាមេរិកសហការដើម្បីចេញសេចក្តីប្រកាសបញ្ចប់សង្គ្រាម​ឧបទ្វីប ដែលបានផ្ទុះឡើងនៅឆ្នាំ១៩៥០ ហើយបញ្ចប់នៅឆ្នាំ​១៩៥៣ ដោយកិច្ចព្រមព្រៀងឈប់បាញ់តែប៉ុណ្ណោះ​។ ទាំងនោះមានន័យថា រយៈពេលជិត​៧០ឆ្នាំកន្លងមក​ពលរដ្ឋ​កូរ៉េខាងជើង រស់នៅក្នុងស្ថានភាពនៃសង្គ្រាម មិនទាន់មានសន្តិភាពនៅឡើយទេ៕ដោយ៖ធី រីណា


ចែករំលែក៖