លោក Derek Chauvin អតីតប៉ូលិសទីក្រុងMinneapolis រងការចោទប្រកាន់ពីបទសម្លាប់បុរសជនជាតិស្បែកខ្មៅឈ្មោះGeorge Floyd កាលពីខែឧសភា កន្លងមក ពេលនេះ ទទួលបានការធានាឲ្យនៅក្រៅឃុំហើយ នាថ្ងៃទី៧ខែតុលា(ថ្ងៃនៅអាមេរិក) ក្រោយលោកបានតំកល់ប្រាក់ធានា១លានដុល្លារ។
មន្ត្រីគ្រប់គ្រង មន្ទីរឃុំឃាំងនិង ស្នងការប៉ូលិស Minnesota មិនបានប្រកាសឲ្យដឹងថា លោកDerek Chauvin បានប្រាក់មកពីណា យកមកតំកល់នោះឡើយ ដើម្បីបាននៅក្រៅឃុំ។ លក្ខខណ្ឌដែលលោកDerek Chauvin ទទួលបានការអនុញ្ញាតឲ្យនៅក្រៅឃុំ គឺ ត្រូវបង្ហាញវត្តមាន គ្រប់ពេលវេលា តាមសំណើរបស់តុលាការ ឬស្នងការប៉ូលិស។ លោកDerek Chauvin មិនអនុញ្ញាតឲ្យកាន់កាំភ្លើងឡើយ ហើយមិនឲ្យទំនាក់ទំនងជាមួយគ្រួសារ Floyd ឡើយ តាមបណ្តាញសង្គមក្តី។
អតីតប៉ូលិស លោកChauvin ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ៣១ខែឧសភា ដោយចោទប្រកាន់ពីបទសម្លាប់ មនុស្ស ដោយប្រើជង្គង់សង្កត់ករយៈពេលយូរ ធ្វើឲ្យជនរងគ្រោះដាច់ខ្យល់ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។
ការស្លាប់ជនជាតិស្បែកខ្មៅកន្លងមក បានបង្កឲ្យមានមហាបាតុកម្ម នៅទូទាំងពិភពលោក ប្រឆាំងការរើសអើងជាតិសាសន៍ ។
នៅទឹកដីអាមេរិក មានបាតុកម្មកើតឡើងនៅរដ្ឋទាំង៥០ ស្នើឲ្យឈប់ប្រើហិង្សាលើក្រុមជនជាតិស្បែកខ្មៅ។ នៅពេលនេះគេមិនទាន់ដឹងថា ការដោះលែងអតីតប៉ូលិសឲ្យនៅក្រៅឃុំ អាចបង្កឲ្យមានមហាបាតុកម្មជាថ្មី ដែរឬទេ៕ដោយ៖ធី រីណា