ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ឯអ្នករួមដំណេីរម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅសង្គ្រោះភ្លាមៗ ក្រោយពីត្រូវរថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿងបុកម៉ូតូសណ្តោងរុឺម៉កពេញទំហឹង កាលពីវេលាម៉ោង១ និង៣០នាទី ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវថៃហ្គ័រ ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សពជនរងគ្រោះ មានឈ្មោះ ម៉េង រ៉ា ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិព្រែករាំង ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាក់ហ៊ីយ៉ាន់ដាយមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-0632 ធ្វើដំណើរតាមបណ្តោយផ្លូវថៃហ្គ័រក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏មានម៉ូតូសណ្តោងរុឺម៉កមួយគ្រឿងទៀតធ្វើដំណើរក្នុងទិសដៅបញ្រ្ចាសគ្នាក៏ត្រូវរថយន្តម៉ាកហ៊ីយ៉ាន់ដាយជ្រុលចង្កូតទៅបុកម៉ូតូសណ្តោងរុឺម៉កចំពីមុខពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ និងបណ្តាលឲ្យម្ចាស់ម៉ូតូសណ្តោងរុឺម៉កម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដេីម្បីសង្គ្រោះបន្ទាន់ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់រួចទាក់ទងទៅខាងជំនាញចររាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មកធ្វើការវាស់វែងយករថយន្ត និងម៉ូតូសណ្តោងរុឺម៉ក់ទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ។ ចំណែកសពរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញធ្វើកំណត់ហេតុរួចប្រគល់ទៅឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖ ភារ៉ា ដង្កោ