ព័ត៌មានទាន់ហេតុការណ៍៖

អង្គការNATO មុននឹងខ្លួនដកទ័ពចេញពីប្រទេសអាហ្វហ្គានីស្ថាន នៅពេលណាដែលប្រទេសមួយនេះ អាចមានសន្តិភាព ដោយគ្មានហានិភ័យ

ចែករំលែក៖

អន្តរជាតិ៖ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្តេជ្ញាថានឹងនាំយកកងទ័ពអាមេរិកទាំងអស់ពីប្រទេសអាហ្វហ្គានីស្ថានត្រឡប់ទៅវិញនៅថ្ងៃបុណ្យណូអែល (Christmas) ខាងមុខនេះ ស្រាប់តែអគ្គលេខាធិការនៃអង្គការណាតូ (NATO) បានចេញសេចក្តីថ្លែងការណ៍បន្ទាន់មួយថា៖ សមាជិករបស់ខ្លួននឹងធ្វើការពិគ្រោះគ្នា ដើម្បីសម្រេចចិត្តលើពេលវេលាដ៏ស័ក្តិសមមួយ ក្នុងការដកទ័ពចេញពីប្រទេសមួយនេះ

ជាក់ស្តែងបន្ទាប់ពីពិភាក្សាជាមួយនាយករដ្ឋមន្រ្តីប្រទេសម៉ាសេដូនីខាងជើងលោក ហ្សូរាណ ហ្សរ (Zoran Zaew) អគ្គលេខាធិការនៃអង្គការ NATO លោក ហ្សង់ ស្តូលធិនប៊ឺក (Jens Stoltenberg) បានគូសបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានមួយថា៖ «យើងបានសម្រេចចិត្តចូលទៅក្នុង ប្រទេសអាហ្វហ្គានីស្ថានជាមួយគ្នា យើងក៏ត្រូវធ្វើការសម្រេចចិត្ត លើការកែតម្រូវនាពេលអនាគតជាមួយគ្នាដែរ ហើយយើងនឹងជ្រើសរើសពេលវេលាដ៏ស័ក្តិសមមួយ ដែលយើងនឹងត្រូវចាកចេញជាមួយគ្នា»។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានCNA នៅរសៀលថ្ងៃសុក្រ ទី០៩ ខែតុលា ឆ្នាំ២០២០។

អគ្គលេខាធិការនៃអង្គការ NATOរូបនេះ បានសង្កត់ធ្ងន់ថា៖ «អង្គការNATO នឹងចាកចេញពីប្រទេសអាហ្វហ្គានីស្ថាន នៅពេលណាដែលប្រទេសនេះអាចមានសន្តិភាព ដោយគ្មានហានិភ័យក្នុងការក្លាយជាប្រទេស ដែលជាទីជម្រករបស់ពួកសកម្មប្រយុទ្ធម្ដងទៀត ហើយយើងនឹងធ្វើការសម្រេចចិត្តដោយផ្អែកលើស្ថានការណ៍ជាក់ស្ដែងព្រោះយើងគិតថា វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការបន្តប្តេជ្ញាចិត្តចំពោះអនាគតនៃប្រទេសអាហ្វហ្គានីស្ថាន ពីព្រោះវាជាផលប្រយោជន៍របស់យើង ក្នុងការការពារសន្តិសុខរយៈពេលវែងសម្រាប់ប្រទេសនេះ»

គួរជម្រាបថា អង្គការ NATO បានចូលទៅក្នុងប្រទេសអាហ្វហ្គានីស្ថានបន្ទាប់ពីការលុកលុយដែលដឹកនាំដោយសហរដ្ឋអាមេរិកក្នុងឆ្នាំ២០០១ដើម្បីផ្តួលរំលំពួកតាលីបង់ក្រោយការវាយប្រហារភេរវកម្ម /១១ និងបានបញ្ចប់ប្រតិបត្តិការប្រយុទ្ធរបស់ខ្លួន នៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះនៅក្នុងឆ្នាំ២០១៤ ហើយបានកាត់បន្ថយវត្តមានកងទ័ពរបស់ខ្លួនយ៉ាងច្រើនប៉ុន្តែបានរក្សាកងកម្លាំងហ្វឹកហ្វឺនប្រហែល១២,០០០នាក់ដែរ៕

ដោយ៖សតារា


ចែករំលែក៖