ភ្នំពេញ៖ នៅល្ងាចថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានធ្វើការបដិសេធ និងច្រានចោលទាំងស្រុងនូវព័ត៌មានមិនត្រឹមត្រូវរបស់ គ្រូខ្មែរដែលបានបង្ហោះវីដេអូតាមហ្វេសប៊ុកឈ្មោះ Moha Share ពីការព្យាបាលជំងឺ ឈាមសស៊ីឈាមក្រហមជា១០០%ដោយប្រើម្ជុលចាក់ម្រាមបាតដៃច្របាច់យកឈាមចេញ។
ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា៖ ក្រសួងសូមធ្វើការបដិសេធ និងច្រានចោលទាំងស្រុងនូវការចុះផ្សាយព័ត៌មានមិនពិត មិនត្រឹមត្រូវ លើបណ្តាញសង្គម ហ្វេសប៊ុកដែលមានគណនេយ្យឈ្មោះ Moha Share មានអាសយដ្ឋាននៅភូមិព្រៃបន្ទាយ ឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដែលបានផ្សាយព័ត៌មានអំពីការព្យាបាលជំងឺ ឈាមសស៊ីឈាមក្រហមជាសះស្បើយ១០០% (មួយរយភាគរយ) ដោយគ្រាន់តែយកម្ជុលចាក់ទៅលើម្រាមបាតដៃ ហើយច្របាច់យកឈាមចេញ។
ក្រសួងសុខាភិបាល សូមធ្វើការក្រើនរំលឹក និងជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋឱ្យបានច្បាស់លាស់ថា ការព្យាបាលជំងឺ ឈាមសស៊ីឈាមក្រហម គឺតម្រូវឱ្យមានការព្យាបាលមួយតាមបែបវិទ្យាសាស្ត្រ បច្ចេកទេសពេទ្យ ដោយគ្រូពេទ្យដែលមានជំនាញត្រឹមត្រូវ មិនតម្រូវឱ្យធ្វើការព្យាបាលតាមបែបបុរាណណាមួយដែលមិនត្រឹមត្រូវ ដោយពុំមាន ការទទួលស្គាល់ពីក្រសួងសុខាភិបាលឡើយ។ ដូចនេះ ក្រសួងសុខាភិបាលសូមអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមឱ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការព្យាបាលជំងឺ ឈាមសស៊ីឈាមក្រហម នេះ និងសូមឱ្យបងប្អូនប្រជាពលរដ្ឋកុំជឿ តាមការឃោសនា ភូតភរ កុហក បោកប្រាស់ របស់គ្រូបុរាណដែលជាម្ចាស់គណនេយ្យហ្វេសប៊ុកឈ្មោះ Moha Share បែប នេះ ព្រោះវាធ្វើឱ្យមានការចម្លងរោគយ៉ាងសាហាវបំផុត ដូចជាជំងឺអេដស៍ ជំងឺរលាកថ្លើមប្រភេទB និងរលាកថ្លើម ប្រភេទC ជាដើម ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតដោយមិនដឹងខ្លួនចូលទៅក្នុងរាង្គកាយរបស់មនុស្សយើង និង អាចធ្វើឱ្យបាត់បង់ទៅដល់អាយុជីវិតរបស់បងប្អូនតាមរយៈការចម្លងរោគនេះ។
ក្រសួងសុខាភិបាល សូមឱ្យអាជ្ញាធរមានសមត្ថកិច្ចខេត្តស្វាយរៀងចាត់វិធានការយ៉ាងតឹងរឹង និងម៉ឺងម៉ាត់បំផុត ទៅតាមផ្លូវច្បាប់ជាធរមាន។
សូមភ្ជាប់មកជាមួយនូវរូបភាពរបស់គណនេយ្យហ្វេសប៊ុកឈ្មោះ Moha Share៕
ដោយ៖សុខ ខេមរា