អន្តរជាតិ៖ យ៉ាងតិចណាស់សត្វជ្រូក១៥០០ក្បាល ត្រូវបានអាជ្ញាធរបង្ខំចិត្តសម្លាប់ចោល ក្រោយកូរ៉េខាងត្បូង រកឃើញករណីជំងឺប៉េស្តជ្រូកអាហ្វ្រិកថ្មីក្នុងកសិដ្ឋានមួយក្នុងខេត្ត Gangwon ភាគឦសាននៃកូរ៉េខាងត្បូង នៅថ្ងៃទី៨ ខែតុលា។
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap ក្រសួងកសិកម្មកូរ៉េខាងត្បូង បានអះអាងថា នេះជាករណីដំបូងនៃជំងឺនេះក្នុងឆ្នាំ២០២០ ខណៈដែលជ្រូកងាប់៣ក្បាល ហើយត្រូវរកឃើញថា មានលទ្ធផលតេស្តវិជ្ជមានសម្រាប់ជំងឺប៉េស្តជ្រូកអាហ្វ្រិក នៅកសិដ្ឋានខាងលើ ។ ទើបអាជ្ញាធរ បានសម្រេចសម្លាប់ជ្រូកដែលម្ចាស់បានចិញ្ចឹមក្នុងរង្វង់១០គីឡូម៉ែត្រនៃកសិដ្ឋាននោះ។
សារព័ត៍មាន Yonhap បាននិយាយថា ប្រទេសកូរ៉េខាងត្បូង គ្មានរកឃើញករណីជំងឺប៉េស្តអាហ្វ្រិក ចាប់តាំងពីខែខែតុលា ឆ្នាំ២០១៩មកម្ល៉េះ។ក៏ប៉ុន្តែជ្រូកព្រៃចំនួន៧៥០ក្បាល ដែលរស់នៅក្បែរព្រំដែនកូរ៉េខាងជើង ត្រូវបានរកឃើញកើតជំងឺនេះ។
សូមជម្រាបថា ជំងឺនេះពុំបង្កគ្រោះថ្នាក់ដល់មនុស្សឡើយ តែបង្កឲ្យជ្រូកងាប់ជាបន្តបន្ទាប់។ ជាក់ស្តែងកាលពីឆ្នាំមុន ជ្រូកប្រមាណ៤០ម៉ឺនក្បាល ត្រូវបានសម្លាប់ចោល ក្រោយជំងឺបានឆ្លងរាលដាលចូលកសិដ្ឋានចំនួន១៤កន្លែងក្នុងប្រទេសកូរ៉េខាងត្បូង។
គួររម្លឹកផងដែរថា នៅក្នុងខែកញ្ញា ឆ្នាំ២០២០កន្លងទៅនេះ កូរ៉េខាងត្បូងបានហាមឃាត់ការនាំចូលសាច់ជ្រូកពីប្រទេសអាល្លឺម៉ង់ ក្រោយពីករណីជំងឺប៉េស្តជ្រូកអាហ្វ្រិកថ្មីមួយត្រូវបានរកឃើញក្នុងខ្លួនជ្រូកព្រៃ នៅតំបន់ភាគខាងកើតនៃប្រទេសនេះផងដែរ៕
ដោយ៖ស តារា