ព័ត៌មានទាន់ហេតុការណ៍៖

ចិនហៅអាមេរិកថា«ចោរសមុទ្រសម័យទំនើប»ដោយគំរាមកាត់បន្ថយ WeChat Pay និង Alipay

ចែករំលែក៖

ក្រោយទទួលបានព័ត៌មាន​ថា អាមេរិកកំពុងតែត្រួតពិនិត្យលើវិធានការ​ទៅលើមូលដ្ឋាន​នៃការទូទាត់រហ័សតាមអនឡាញរបស់ចិន ដែលទីក្រុងប៉េកាំងចាត់ទុកថា​ជាសកម្មភាព​ប្រើអំណាចនិងជា​«ចោរសមុទ្រសម័យទំនើប»។
នៅក្នុងសន្និសីទកាសែតនៅថ្ងៃទី ៩ខែតុលា អ្នកនាំពាក្យក្រសួងការបរទេសចិន​បានថ្កោលទោសយ៉ាងខ្លាំង​ដល់អាមេរិកដែលបានដាក់គំនាប គំរាមកំហែងដល់បណ្តាក្រុមហ៊ុនចិន ដូចជា​ហួវៃ , TikTok, WeChat ដោយមិនបានបង្ហាញភស្តុតាងណាមួយច្បាស់លាស់ឡើយ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី​Hua Chunying បានបញ្ជាក់ថា សកម្មភាពរបស់អាមេរិក គឺជាការប្រើហិង្សាជាន់ឈ្លីលើច្បាប់ សេដ្ឋកិច្ចទីផ្សារ និងច្បាប់ពាណិជ្ជកម្មពិភពលោក​ គំរាមកំហែងដល់វិស័យឧស្សាហកម្ម ផ្គត់ផ្គង់លើពិភពលោក​។
តាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក​ នាពេលថ្មីៗនេះ​បានផ្សាយថា ទីក្រុងវ៉ាស៊ីនតោន​កំពុងតែត្រួតពិនិត្យ កាត់បន្ថយ Alipay របស់ក្រុមហ៊ុនAnt Group និង WeChat Pay របស់Tencent ដោយអាមេរិក​បារម្ភថា ជាការគំរាមកំហែងដល់សន្តិសុខជាតិ។
ប៉ុន្មានឆ្នាំចុងក្រោយនេះ បណ្តាក្រុមហ៊ុនចិនបានរីកចម្រើនយ៉ាងខ្លាំង​នៅលើពិភពលោក ពិសេសគឺនៅអឺរ៉ុបនិងអាមេរិក។ ទាំងនោះហើយបានជាអាមេរិកចាត់វិធានការ ទប់ស្កាត់ចិន បើមិនដូច្នោះទេ ប៉ុន្មានឆ្នាំទៀត ពិភពលោកស្ថិតនៅលើដៃចិនគ្រប់គ្រង ទាំងវិស័យនយោបាយ សន្តិសុខ និង សេដ្ឋកិច្ច៕ដោយ៖ធី រីណា


ចែករំលែក៖