ព័ត៌មានទាន់ហេតុការណ៍៖

ប្រទេសមួយចំនួនក្នុងតំបន់អាស៊ាននៅមានករណីឆ្លងកូវីដ​-១៩ កើនឡើង

ចែករំលែក៖

បច្ចុប្បន្នចំនួនអ្នកឆ្លងកូវីដ​-១៩ នៅលើពិភពលោក​បានកើនឡើងខ្ពស់ ពីមួយថ្ងៃទៅមួយថ្ងៃ។ តាមគេហទំព័រ​ Worldometer គិតមកដល់វេលាម៉ោង​​២០ ថ្ងៃទី៩ ខែតុលាឆ្នាំ​២០២០ នៅទូទាំងពិភពលោកមានករណីឆ្លងដល់ទៅ៣៦,៨២៤,១៥១នាក់ ស្លាប់១,០៦៧,៩៤៥នាក់ និងជាសះស្បើយ​២៧,៧០៦,២៦៤នាក់ផងដែរ​។
ដោយឡែកនៅក្នុងតំបន់អាស៊ាន មានប្រទេសជាច្រើនមិនមានករណីឆ្លងថ្មីនៅក្នុងសហគមន៍ឡើយ ឬមានឆ្លងដែរតែតិចតួច ក្នុងនោះមាន កម្ពុជា វៀតណាម ឡាវ ថៃ …ជាដើម។ ផ្ទុយទៅវិញ​ក៏មានប្រទេសមួយចំនួនក្នុងតំបន់ ដូចជា ហ្វុីលីពីន ឥណ្ឌូនេស៊ី មានអ្នកឆ្លងរាប់ពាន់នាក់ក្នុងមួយថ្ងៃ។
សារព័ត៌មាន ស៊ីនហួ នៅថ្ងៃសុក្រ ទី០៩ ខែតុលា ឆ្នាំ២០២០ បានដកស្រង់សេចក្តីប្រកាសរបស់ ក្រសួងសុខាភិបាលហ្វុីលីពីនបាន
បញ្ជាក់ថា ករណីឆ្លង COVID-19 ថ្មីៗចំនួន ២,៩៩៦ករណីបន្ថែមទៀត ដែលនាំឲ្យករណីឆ្លងសរុបនៅទូទាំងប្រទេសបានកើនដល់ ៣៣៤,៧៧០ករណីហើយ និងមានអ្នកស្លាប់ ៨៣នាក់បន្ថែមទៀតផងដែរ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបកើនដល់ ៦,១៥២នាក់។
ចំណែកឯនៅប្រទេសឥណ្ឌូនេស៊ីវិញ សន្ទុះនៃករណីឆ្លង COVID-19 ក៏មានការកើនឡើងយ៉ាងគំហុកផងដែរ។ ក្នុងរយៈពេល២៤ម៉ោងប៉ុណ្ណោះ ប្រទេសអាស៊ានមួយនេះ បានកត់ត្រាករណីអ្នកឆ្លងថ្មីៗរហូតដល់ ៤,០៩៤ករណី និងករណីស្លាប់ចំនួន ៩៧នាក់ផងដែរ។ ជាសរុប រហូតមកទល់ពេលនេះ ឥណ្ឌូនេស៊ីមានអ្នកឆ្លងទាំងអស់ ៣២៤,៦៥៨ករណី ក្នុងនោះស្លាប់ ១១,៦៧៧នាក់ ៕ដោយ៖ធី រីណា


ចែករំលែក៖