ព័ត៌មានទាន់ហេតុការណ៍៖

ការប្រកួតក្របខ័ណ្ឌ AFC Champions League ត្រូវបានរៀបចំឡើងនៅក្នុងទីក្រុងដូហា ប្រទេសកាតារ

ចែករំលែក៖

សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) បានចេញសេចក្តីប្រកាសកាលពីថ្ងៃសុក្រថា ការប្រកួតពានរង្វាន់តំបន់អាស៊ី AFC Champions League នឹងត្រូវធ្វើឡើងនៅទីក្រុងដូហា ប្រទេសកាតារបន្ទាប់ពីមានកិច្ចព្រមព្រៀងមួយជាមួយសមាគមបាល់ទាត់ប្រទេសកាតារ (QFA) ។

គណៈគ្រប់គ្រងបាល់ទាត់បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ដដែលថាការប្រកួតវគ្គជម្រុះតំបន់អាស៊ីបូព៌ានៃពានរង្វាន់ AFC Champions League នឹងត្រូវចាប់ផ្តើមពីថ្ងៃទី១៨ ខែវិច្ឆិកា ដល់ថ្ងៃទី១៣ ខែធ្នូបន្ទាប់ពីបញ្ចប់ដោយជោគជ័យនៃការប្រកួត AFC Champions League នៅតំបន់អាស៊ីខាងលិចនៅប្រទេសកាតារ

អគ្គលេខាធិការរបស់ AFC លោក Windsor John បាននិយាយថាសហព័ន្ធបានអរគុណចំពោះការគាំទ្ររបស់ QFA និងកំពុងទន្ទឹងរង់ចាំការប្រកួតដែលនៅសេសសល់នៅក្នុងការប្រកួតរបស់ក្លិបឈានមុខគេនៅអាស៊ី

លោកបានអះអាងថាតាមរយៈការរៀបចំផែនការ និងការផ្តល់នូវពិធីសារដ៏តឹងរឹង និងមានប្រសិទ្ធភាពបំផុត ខ្ញុំមានសេចក្តីសោមនស្សរីករាយដែលយើងនឹងអាចបញ្ចប់ការប្រកួតពានរង្វាន់ AFC Champions League ដោយជោគជ័យទោះបីមានបញ្ហាប្រឈមដ៏ធំធេងនៅក្នុងឆ្នាំដែលមិនធ្លាប់មាននេះ ក៏ដោយដូចដែលយើងបានសន្យាជាមួយអ្នកពាក់ព័ន្ធទាំងអស់

គួរបញ្ជាក់ថា ការប្រកួតវគ្គជម្រុះនៅតំបន់អាស៊ីបូព៌ានៃក្របខ័ណ្ឌ AFC Champions League នឹងបន្តពីវគ្គចែកពូល និងបន្តឆ្លងកាត់វគ្គ១៦ក្រុមរហូតដល់វគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្រ ទីកន្លែងសម្រាប់ការប្រកួតផ្តាច់ព្រ័ត្រដែលគ្រោងនឹងត្រូវធ្វើឡើងនៅថ្ងៃទី១៩ ខែធ្នូ នឹងត្រូវបានបញ្ជាក់នៅក្នុងពេលវេលាជាក់លាក់មួយដោយ៖ភារៈ


ចែករំលែក៖