ខេត្តបាត់ដំបង ៖ អគ្គមេបញ្ជាការរង កងយោធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជូនកម្លាំងយោធាក្នុងអង្គភាព៩១១ ចំនួន ១០០នាក់ ទៅកាន់អង្គភាពយោធភូមិភាគទី ៥ ជាមួយនឹងរថយន្ត ៦គ្រឿង សំភារៈ មធ្យោបាយសង្គ្រោះបន្ទាន់ ទូក អូប័រ អាវពោងមួយកំប្លេគ្រប់គ្នាៗ ដែលជាកម្លាំងបន្ថែមទៀតអន្តរាគមន៍សង្គ្រោះប្រជាពលរដ្ឋនៅតាមតំបន់ភាគពាយ័ព្យនៃទិសយោធភូមិភាគទី៥។
សូមបញ្ជាក់ថា ៖ កម្លាំងយោធាអង្គភាព ៩១១ បានធ្វើដំណើរមកដល់អង្គភាពយោធភូមិភាគទី៥ នៅវេលាម៉ោង១១យប់ថ្ងៃទី១០ ខែតុលាឆ្នាំ២០២០។
មកទល់នឹងព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ កម្លាំងមួយចំនួនចុះទៅតំបន់កងពលតូចលេខ ៥៣ មួយចំនួនទៀតចុះទៅកាន់តំបន់បាយដំរ៉ាំក្នុងស្រុកបាណន់ ខេត្តបាត់ដំបង និងមួយចំនួនទៀតទៅកាន់ស្រុកបវេល ដែលមន្ត្រីយោធាកំពុងបំពេញកិច្ចការនេះបានឱ្យដឹងថា៖ នៅតំបន់ទាំងនោះ ជំនន់ទឹកភ្លៀងបន្តបុកចូល ដែលជាវិធានការចាំបាច់កងកម្លាំងដែលជាប្រជាជន ត្រូវទៅជួយប្រជាជន គ្រប់កាលៈទេសៈដោយគ្មានលក្ខខណ្ឌ។
សូមរំលឹកថា ៖ កាលពីម្សិលមិញ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក បានចេញបញ្ជា ឱ្យបណ្ដាអង្គភាពចំណុះកងទ័ពជើងគោក ត្រៀមកម្លាំង មធ្យោបាយ សម្ភារៈ ដើម្បីចុះប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង។
លោកបានថ្លៃថា ៖ ជាក់ស្ដែងក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ បណ្ដាអង្គភាពរួមមាន៖ កម្លាំងទីបញ្ជាការយោធភូមិភាគទី៥ កងពលតូចលេខថា៥១ ,៥២និង ៥៣ ,តំបន់ប្រតិបតិ្តការសឹករងបាត់ដំបង ពោធិ៍សាត់ ប៉ៃលិន និងកងការពារព្រំដែនលេខ៥០២ និង៥០៣បានចុះជួយឃុំក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ដោយបានប្រើកម្លាំង មធ្យោបាយ សម្ភារៈ ដើម្បីចុះប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់។ ក្នុងនោះផងដែរលោកមេបញ្ជាការកងទ័ពជើងគោកបានចេញបញ្ជាឱ្យកម្លាំងអន្តរាគមន៍របស់បញ្ជាការដ្ឋានកងទ័ពពិសេស បញ្ជូនឧបករណ៍ កាណូតចំនួន២០គ្រឿង និងកងពលដឹកជញ្ជូនលេខ៩០ យករថយន្ត៣០គ្រឿង ដើម្បីចូលរួមក្នុងប្រតិបត្តិការជួយសង្គ្រោះ ។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ និងកោតសរសើរចំពោះ នាយទាហាន នាយទាហានរង ពលទាហាន នៅតាមបណ្ដាអង្គភាពចំណុះយោធភូមិភាគទី៥ បានបំពេញបេសកកម្មរបស់ខ្លួន ប្រកបដោយភាពទទួលខុសត្រូវ នឹងជាមួយកាយពីការដ៏ស្និទ្ធស្នាលក្នុងការជួយប្រជាពលរដ្ឋ ពុំបានគិតដល់ពីភាពនឿយហត់ ទាំងងយប់ទាំងថ្ងៃ ភ្លៀងរងាញាក់។ ជាសារមួយ ក្នុងនាមជាមេទ័ព លោក ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងខ្លីថា «ភារកិច្ចស្នូលរបស់កងទ័ព គឺការពារជាតិ និងប្រជាជន»៕
ដោយ៖សុខ ខេមរា