ព័ត៌មានទាន់ហេតុការណ៍៖

នាយករដ្ឋមន្ត្រីសិង្ហបុរី៖ ទទួលស្គាល់ពីបញ្ហាសតិអារម្មណ៍ ឬសុខភាពផ្លូវចិត្តរបស់ប្រជាជនខ្លួន នៅមិនទាន់ល្អប្រសើរគ្រប់គ្រាន់នៅឡើយ

ចែករំលែក៖

អន្តរជាតិ៖ នាយករដ្ឋមន្ត្រីសិង្ហបុរីលោក លី សៀនឡុង នាឱកាសទិវាសុខភាពផ្លូវចិត្តពិភពលោក កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ បានលើកឡើងថា អ្នកទទួលបន្ទុកកិច្ចការសុខភាពជុំវិញពិភពលោក មិនត្រូវផ្តោតការងារសំខាន់ត្រឹមតែការប្រយុទ្ធប្រឆាំងនឹងវីរុស COVID-19 ប៉ុណ្ណោះនោះទេ តែក៏ត្រូវគ្រប់គ្រងឲ្យបានពីកត្តាជះឥទ្ធិពលទៅលើសុខភាពផ្លូវចិត្តរបស់ប្រជាជនទូទៅផងដែរ។ មិនតែប៉ុណ្ណោះលោកនាយករដ្ឋមន្ត្រី  បានទទួលស្គាល់ពីបញ្ហាសតិអារម្មណ៍ ឬសុខភាពផ្លូវចិត្តរបស់ប្រជាជនរបស់ខ្លួននៅមិនទាន់មានល្អប្រសើរគ្រប់គ្រាន់នៅឡើយនោះទេ

លោកនាយករដ្ឋមន្ត្រី លី សៀនឡុង បន្តថា លោកនិងដាក់ការតាំងចិត្តក្នុងការធានាឲ្យបានគោលនយោបាយគាំពារ ក៏ដូចជាដំណោះស្រាយសម្រាប់ប្រជាពលរដ្ឋរបស់ខ្លួន ដែលជួបវិបត្តិផ្លូវចិត្តមួយនេះ

លោក លី សៀនឡុង បានបញ្ជាក់តាមរយៈសារជាវីដេអូមួយ ទៅកាន់អង្គការសុខភាពពិភពលោក ដែលមានរយៈពេលជាង១នាទី ថា៖ វីរុសរាតត្បាត បានបង្កឲ្យប្រជាជនមានវិបត្តិ ភាពតានតឹង និងការរំខានក្នុងចិត្តកាន់តែច្រើនឡើងៗ។ សម្រាប់លោក សុខភាពផ្លូវចិត្ត ពិតជាសំខាន់ណាស់សម្រាប់មនុស្សជាតិទូទៅ ក៏ប៉ុន្តែបញ្ហានេះ នៅមិនទាន់ទទួលបានការធានាខុសត្រូវគ្រប់គ្រាន់នៅឡើយនោះទេ។

ក្នុងអំឡុងពេលដ៏ធុញធប់នៃវិបត្តិ COVID-19 នៅប្រទេសសិង្ហបុរីលោកនាយករដ្ឋមន្រ្តីរូបនេះ ក៏បានបង្កើតឲ្យមានប្រព័ន្ធគាំពារជាតិបន្ទាន់មួយដើម្បីផ្តល់នូវជំនួយផ្លូវស្មារតី ឬផ្លូវចិត្តបឋម និងគាំទ្រសតិអារម្មណ៍ដល់ប្រជាជនទូទៅ។ លោក កំណត់សម្គាល់ថា ម្នាក់ក្នុងចំណោមប្រជាជនសិង្ហបុរីប្រាំពីរនាក់ មានវិបត្តិផ្លូវចិត្តពាក់ព័ន្ធនឹងស្ថានភាពរស់នៅរបស់ពួកគេ។

គួរបញ្ជាក់ថា លោកនាយរដ្ឋមន្ត្រី ដើម្បីជាដំណោះស្រាយបញ្ហាខាងលើនេះក៏បានប្រកាសពីការកំណត់អាទិភាពរបស់រដ្ឋាភិបាល ដោយលោកសន្យាធានាឲ្យបានគុណភាពនៃការផ្តល់សេវាសុខភាពផ្លូវចិត្តដល់គ្រប់ប្រជាជនទាំងអស់ តាមរយៈការផ្សព្វផ្សាយឲ្យកាន់តែទូលាយលើបញ្ហាសុខភាពផ្លូវចិត្ត, ការលើកកម្ពស់ការធ្វើកិច្ចអន្តរាគមន៍ទាន់ពេល និងធ្វើឲ្យកាន់តែល្អប្រសើរលើសេវាសុខភាពសាធារណៈជាពិសេសក្នុងស្ថានភាពលំបាកបែបនេះ៕ដោយ៖ស តារា


ចែករំលែក៖