ភ្នំពេញ៖ ការប្រកួត កីឡាបាល់ទាត់ មិត្តភាព អបអរសាទរ ខួប១០ នៃក្លិបកីឡាបាល់ទាត់ កម្ពុជា-អាស៊ាន រៀបចំឡើងគោលបំណង លើកស្ទួយ និងជួយជំរុញ វិស័យកីឡា ស្របតាមយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី និងដើម្បីរឹតចំណងមិត្តភាព រវាងក្រុមកីឡាករ វ័យចំណាស់ ទាំងក្នុងប្រទេស និងក្រៅប្រទេស ក៏ដូចជា បានចូលរួម ជាកម្លាំងចលករ ក្នុងការជម្រុញ-លើកទឹកចិត្ត ប្រជាពលរដ្ឋខ្មែរ គ្រប់វ័យ ឲ្យស្រឡាញ់ និងចូលរួមលេងកីឡា ដើម្បីថែរក្សា សុខភាព បង្កើតមិត្តភាព សាមគ្គីភាព ក្រោមពន្លឺសន្តិភាព នៃនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេច សនិ្តភាព ចៀសឆ្ងាយពី អំពើអបាយមុខផ្សេងៗ ជាពិសេស គ្រឿងញៀន។ នេះបើតាមការឱ្យដឹងពីលោក អ៊ុក សំណាង អនុប្រធាន ក្លិបកីឡាបាល់ទាត់កម្ពុជា-អាស៊ាន បានឲ្យដឹងថា ក្លិបកីឡាបាល់ទាត់កម្ពុជា-អាស៊ាន នៅព្រឹកថ្ងៃទី១២ ខែតុលា។
លោក អ៊ុក សំណាង អនុប្រធាន ក្លិបកីឡាបាល់ទាត់កម្ពុជា-អាស៊ាន បានឲ្យដឹងថា ក្លិបកីឡាបាល់ទាត់កម្ពុជា-អាស៊ាន ស្ថិតនៅក្រោម សមាគមយុវជនកម្ពុជា-អាស៊ាន ត្រូវបានបង្កើតឡើង នៅឆ្នាំ២០១០ ក្រោមការផ្តួចផ្តើម និងគាំទ្រដោយ លោក ស៊ាន បូរ៉ាត រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធាន អង្គភាពប្រឆាំងអំពើពុករលួយ ដែលបច្ចុប្បន្ន ក្លិបអាស៊ាន មានកីឡាករ ចំនួន៩៩នាក់ ដែលមាន អាយុចាប់ពី វ័យកណ្តាលឡើងទៅ ជាមន្ត្រីរាជការមកពី បណ្តាក្រសួង-ស្ថាប័ននានា ហើយភាគច្រើនជា មន្ត្រី បម្រើការងារ នៅក្នុងស្ថាប័ន អប់រំតែម្តង ។
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី ក្រសួង អប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ក្រសួងអប់រំ យុវជន និងកីឡា បានវាយតម្លៃខ្ពស់ ចំពោះការបង្កើត ក្លិបកីឡាបាល់ទាត់កម្ពុជា-អាស៊ាន ដោយក្រោមការផ្តួចផ្តើម និងគាំទ្រដោយ ឯកឧត្តម ស៊ាន បូរ៉ាត និងសូមកោតសរសើរ ចំពោះកីឡាករ ទំាងអស់ចូលរួម ក្នុងក្លិបបាល់ទាត់នេះ។ ការបង្កើតមានគោលទិសពង្រឹងមិត្តភាព ក៏ដូចជាលើកកម្ពស់ នូវសុខភាពផងដែរ ហើយតាមរយៈ ការប្រកួតរាល់សប្តាហ៍ របស់ក្លិបកីឡាបាល់ទាត់ កម្ពុជា-អាស៊ានពិតជានាំមកនូវ សាមគ្គីភាពដោយសារ ការប្រកួតគោរព តាមច្បាប់បាល់ទាត់។
សូមបញ្ជាក់ថា ៖ សម្រាប់ការប្រកួត កីឡាបាល់ទាត់ មិត្តភាព អបអរសាទរ ខួប១០ នៃក្លិបកីឡាបាល់ទាត់ កម្ពុជា-អាស៊ាន មានក្លិបចំនួន៦ គឺក្លិប កីឡាបាល់ទាត់កម្ពុជា-អាស៊ាន ក្លិប កីឡាបាល់ទាត់ មេធាវី ទីប្រឹក្សា ក្លិបកីឡាបាល់ទាត់ បូរីរ៉ាត់ VIP (ខេត្តកំពត) ក្លិបកីឡាបាល់ទាត់ គ្រុឌមាស (ខេត្តសៀមរាប) ក្លិបកីឡាបាល់ទាត់ វ័យចំណាស់ ដើម្បីសុខភាព និងក្លិបកីឡាបាល់ទាត់ HANWOORI FC៕
ដោយ៖ សិលា