ព័ត៌មានទាន់ហេតុការណ៍៖

ប្រមុខរដ្ឋស្តីទី សម្រេចបញ្ចប់មុខតំណែងលោកផ្កាយ៣ តាត និមល ពីអនុប្រធានក្រុមប្រឹក្សានីតិកម្ម នៃក្រសួងមហាផ្ទៃ

ចែករំលែក៖

ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និង ជាប្រមុខរដ្ឋស្តីទី សម្រេចបញ្ចប់មុខតំណែងលោកផ្កាយ៣ តាត និមល ពីអនុប្រធានក្រុមប្រឹក្សានីតិកម្ម នៃក្រសួងមហាផ្ទៃ។ នេះបើយោងតាម ព្រះរាជក្រឹត្យចុះ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ ថ្មីៗនេះ បានចេញព្រះរាជក្រឹត្យមួយ បញ្ចប់មុខតំណែងលោកឧត្តមសេនីយ៍ឯក តាត និមល អត្តលេខ៧១៩១០ ពីអនុប្រធានក្រុមប្រឹក្សានីតិកម្ម នៃក្រសួងមហាផ្ទៃ មានឋានៈស្មើអគ្គនាយក ដែលអង្គភាព«នគរដ្រេហ្គន» ទើបទទួលបាននៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ។
ដោយឡែកចំពោះមូលហេតុនៃការបញ្ចប់មុខតំណែងលោកឧត្តមសេនីយ៍ឯក តាត និមល ពុំត្រូវបានបញ្ជាក់នោះទេ ។

សូមជម្រាបថា៖ ជាការកត់សម្គាល់ លោកឧត្តមសេនីយ៍ឯក តាត និមល ក៏មានតួនាទីជាមេធាវីពេញសិទ្ធិកំពុងប្រកបវិជ្ជាជីវៈ ផងដែរ ដោយមាន អត្តលេខ៥៩២ ។

គួររំលឹកថា កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ កន្លងទៅ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានចេញសេចក្តីណែនាំមួយ ស្តីពី «វិសមិតភាពក្នុងការបំពេញមុខងារសាធារណៈ និង ការប្រកបវិជ្ជាជីវៈមេធាវីរបស់មន្ត្រីរាជការក្រសួងមហផ្ទៃ» ផងដែរ ។

ក្រសួងមហាផ្ទៃ បានពិនិត្យឃើញថា មន្ត្រីរាជការថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ចំណុះក្រសួងមហាផ្ទៃ ប្រកបវិជ្ជាជីវៈជាមេធាវី ខណៈដែលខ្លួនកំពុងបំពេញមុខងារសាធារណៈ ដោយ ស្ថានភាពមន្ត្រីរាជការបែបនេះផ្ទុយនឹងបទប្បញ្ញត្តិ និង លិខិតបទដ្ឋានគតិយុត្ត ស្តីពីការគ្រប់គ្រងមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ មន្ត្រីពន្ធនាគារ និង ច្បាប់ស្តីពីលក្ខន្តិកៈមេធាវី ៕

ដោយ៖ចេស្ដា


ចែករំលែក៖