អន្តរជាតិ៖ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ មេដឹកនាំបាតុកម្មថៃម្នាក់ គឺលោកArnon Nampa បានប្រកាសផែនការធ្វើបាតុកម្មហ៊ុមព័ទ្ធអាគាររដ្ឋាភិបាលថៃ ដើម្បីទាមទារឲ្យនាយករដ្ឋមន្ត្រីថៃចុះចេញពីតំណែង និងកំណែទម្រង់របបរាជានិយម។ ដោយមេដឹកនាំបាតុកម្មរូបនេះបានអះអាងថានៅថ្ងៃទី១៤ ខែតុលាថា បាតុករប្រឆាំងរដ្ឋាភិបាលនឹងប្រមូលផ្តុំគ្នានាវិមានប្រជាធិបតេយ្យ នៅលើរុក្ខវិថីRatchadamnoen រួចបន្តដំណើរទៅវិមានរដ្ឋាភិបាល។
មិនតែប៉ុណ្ណោះ ក្រុមបាតុករ នឹងបោះជំរុំនៅទីនោះ ដើម្បីដាក់សម្ពាធឲ្យលោកប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃចុះចេញពីតំណែង។ ដោយបាតុកម្ម អាចនឹងមានរយៈពេលយ៉ាងហោចណាស់១ខែ។
បើតាមកាសែត Bangkok Post បានចុះផ្សាយថា ជាក់ស្តែងលោកArnon នាការជួបជុំនៅខេត្តនគររាជសីមានៅថ្ងៃទី១១ តុលាថ្មីៗនេះ បានបញ្ជាក់ថា ពេលនេះក្រុមអ្នករៀបចំបាតុកម្ម រកបានថវិការគ្រប់គ្រាន់ ដើម្បីសម្រាប់ធ្វើបាតុកម្មយ៉ាងហោចណាស់មួយខែ។ លោកបន្ថែមថាបាតុកម្មនឹងចាប់ផ្តើមនៅថ្ងៃទី១៤ ខែតុលា ហើយយ៉ាងហោចណាស់៧ថ្ងៃដំបូងនៃបាតុកម្មគឺការទាមទារឲ្យលោកប្រាយុទ្ធចុះចេញពីតំណែង។
លើសពីនេះទៅទៀត មេដឹកនាំបាតុកម្មរូបនេះ បានសង្កត់ធ្ងន់ថា បើសិនជារដ្ឋសភាបើកកិច្ចប្រជុំវិសាមញ្ញ បាតុករនឹងជួបជុំគ្នាដើម្បីដាក់សម្ពាធទៅលើសមាជិករដ្ឋសភាឲ្យទទួលយកសេចក្តីព្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលស្នើដោយសង្គមស៊ីវិល។ លោកArnon ក៏បញ្ជាក់សារជាថ្មីថា បាតុករទាមទារឲ្យមានកំណែទម្រង់របបរាជានិយម។
ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន សហភាពនិស្សិតបានសុំឲ្យសាលាលុបចោលថ្ងៃបង្រៀនពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ដើម្បីឲ្យនិស្សិតបានចូលរួមបាតុកម្មនៅវិមានប្រជាធិបតេយ្យក្នុងទីក្រុងបាងកក។ចំណែកឯសហភាពនិស្សិតនៃសាកលវិទ្យាល័យធម្មសាស្ត្រ បានអំពាវនាវឲ្យសាកលវិទ្យាល័យលុបការបង្រៀន៣ថ្ងៃ ដើម្បីអនុញ្ញាតឲ្យនិស្សិតអាចទៅចូលរួមបាតុកម្ម។
ដោយឡែកទាក់ទិននឹងក្រុមបាតុកម្មនេះ លោកSuwaphan Tanyuvardhana សមាជិកព្រឹទ្ធសភា និងជាប្រធានគណៈកម្មាធិការការពាររាជានិយមព្រឹទ្ធសភាថៃ ថ្កោលទោសក្រុមខាងលើ។ លោកចាត់ទុកអាកប្បកិរិយារបស់ក្រុមបាតុករដែលប្រមាថរបបរាជានិយម ជារឿងមិនអាចអត់អោនឲ្យបាន ព្រោះរាជានិយមជាស្ថាប័នកំពូលរបស់ប្រទេស និងដែលត្រូវប្រជាជនថៃគោរព។ លោកនិយាយថា៖« ពួកគេមិនខ្វល់ពីអារម្មណ៍របស់ប្រជាជនថៃរាប់សលាននាក់ឯទៀត ដែលស៊ូទ្រាំនឹងអាកប្បកិរិយាប្រមាថ និងបំពានឡើយ»។
ជុំវិញបញ្ហានេះដែរប៉ូលីសថៃ ក៏បានអះអាងថា មន្ត្រីប៉ូលីសជាន់ខ្ពស់បានបើកកិច្ចប្រជុំមួយ ដោយណែនាំប៉ូលីសបង្ក្រាបបាតុកម្មមិនឲ្យប្រើប្រាស់កម្លាំងហិង្សា និងបង្កើតកន្លែងត្រួតពិនិត្យ២១កន្លែង ដើម្បីស្វែងរកអាវុធចាប់ពីថ្ងៃទី១៣ ខែតុលាទៅ។ បន្ថែមពីនេះ ប៉ូលីស បានបញ្ជាក់ថា មេដឹកនាំបាតុកម្មមិនបានសុំការអនុញ្ញាតពីអាជ្ញាធរក្នុងការជួបជុំឡើយ៕ដោយ៖ស តារា