មាននិទានមួយថា មានព្រះរាជកុមារ ៤ អង្គចេញទៅរៀនសិល្បសាស្ត្រឯក្រុងតក្កសិលាមហានគរ លុះរៀនសិល្បចប់សព្វគ្រប់ហើយត្រឡប់វិលវឹងមកឈប់សម្រាក នៅឧទ្យានមួយ ។ កាលនោះមានព្រះមហាក្សត្រនគរដទៃមួយសោយព្រះទិវង្គត ហើយឥតអ្នកណានឹងធ្វើជាស្ដេចសោយរាជស្នងព្រះមហាក្សត្រនោះ ទើបព្រាហ្មណ៍អ្នកប្រាជ្ញបុរោហិតមុខមន្ត្រីសេនាបតីកវីបណ្ឌិតព្រឹទ្ធាមាត្រ ទឹមបុស្សរថអធិដ្ឋានផ្សងរកអ្នកមានបុណ្យ ដើម្បីទទួលយកមកឲ្យសោយរាជសម្បត្តិគ្រប់គ្រងព្រះនគរនោះ ។ កាលផ្សងទៅ បុស្សរថនោះពុំទៅរំលងឧទ្យាននោះឡើយ ។ ពួកបុរោហិតចូលទៅមើលយល់រាជបុត្រទាំង ៤ ព្រះអង្គគង់នៅទីនោះ ក៏យកទឹកស្រង់ទាំង ៤ ព្រះអង្គ ស្រេចហើយអញ្ជើញចេញមក ទើបអស់ព្រាហ្មណ៍អ្នកប្រាជ្ញបុរោហិត នឹងមុខមន្ត្រីសេនាបតីកវីបណ្ឌិតព្រឹទ្ធាមាត្រទាំងនោះពិចារណាគ្នាថា “ រាជកុមារទាំង ៤ ព្រះអង្គនេះយើងនឹងយកព្រះអង្គណាជាម្ចាស់យើង ? ” ។ ទើបព្រាហ្មណ៍អ្នកប្រាជ្ញបុរោហិតអម្បាលនោះ គិតធ្វើជាប្រស្នាពិសោធរាជកុមារទាំង ៤ ថា “ អង្គឯណាមានបុណ្យប្រកបដោយលក្ខណៈត្រូវបានជាស្ដេច” គិតដូច្នេះហើយក៏ព្រាហ្មណ៍អ្នកប្រាជ្ញទាំងនោះក្រាបបង្គំទូលថា “ បពិត្រព្រះរាជកុមារទាំង ៤ ព្រះអង្គ ! យើងខ្ញុំនឹងនិទានរឿងមួយ ថ្វាយព្រះអង្គ សូមព្រះអង្គទ្រង់ព្រះសណ្ដាប់” ហើយព្រាហ្មណ៍និទានថា “ មាននគរ ១ មានរាជធីតា ៤ ព្រះអង្គ នាង ១ មានរូបឆោមល្អប្រពៃ នាង ១ ចេះវត្តប្រតិបត្តិហើយចេះប្រដាប់ភោជនាហារដ៏មានរសឆ្ងាញ់ពិសា, នាង ១ ចេះផ្គត់ផ្ទង់សារពើទ្រព្យផង រក្សាទុកមិនឲ្យខ្ចាត់ខ្ចាយ នាងមួយចេះប្រដៅខ្ញុំកំដរផង ចេះចាយទ្រព្យឲ្យទានសមណព្រាហ្មណ៍ ភណាចារ្យនិងស្មូមយាចកផង, បើនាងទាំង ៤ សុទ្ធតែប្រកបដោយលក្ខណៈទីទៃ ៗ ដូច្នេះ តើព្រះអង្គទាំង ៤ សព្វព្រះរាជហឫទ័យ និងយកនាងណាជាព្រះរាជទេពីនៃព្រះអង្គនីមួយ ៗ ? ” ។ ព្រះរាជកុមារ ១ ថា “ នាងដែលមានរូបល្អនោះគួរជារាជទេពី” ។ ព្រះរាជកុមារ ១ ថា “នាងដែលមានវត្តប្រតិបត្តិចេះប្រដាប់ភោជនាហារ ដ៏មានរសឆ្ងាញ់ពិសានោះ គួរជារាជទេពី ” ។ រាជកុមារ ១ ថា “ នាងដែលចេះផ្គត់ផ្គង់សារពើទ្រព្យរក្សាទុកមិនឲ្យខ្ចាត់ខ្ចាយនោះគួរជារាជទេពី ” ។ ព្រះរាជកុមារ ១ ថា “ នាងដែលចេះប្រដៅខ្ញុំកំដរផង ចេះចំណាយទ្រព្យផ្គត់ផ្គង់សមណព្រាហ្មណ៍ភណាចារ្យនិងឲ្យទានស្មូមយាចកផងនោះ គួរបានជារាជទេពី ” ។ ទើបអស់ព្រាហ្មណ៍អ្នកប្រាជ្ញ រាជបុរោហិតមុខមន្ត្រីសេនាបតី កវីបណ្ឌិតព្រឹទ្ធាមាត្យទាំងនោះ ទទួលយកព្រះរាជកុមារអង្គក្រោយដែលសព្វព្រះរាជហឫទ័យ ចំពោះនាងដែលចេះបង្គាប់បញ្ជាប្រដៅខ្ញុំកំដរផង ចេះរក្សាទ្រព្យផ្គត់ផ្គង់សមណព្រាហ្មណ៍ភណាចារ្យ និងឲ្យទានស្មូមយាចកផងនោះឯង អភិសេកឡើងជាស្ដេច សម្រេចសម្រេចដោយនូវប្រការអម្បាលនេះហោង៕ ចប់
កែសម្រួលនិងស្រាវជ្រាវពីសៀវ ភៅរឿងព្រេងខ្មែរដោយ÷ចៅតាជេត
(សូមរង់ចាំអានរឿងព្រេងឬទំនៀមខ្មែរ នៅថ្ងៃស្អែកទៀត)