ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្ត្រីក្រសួងធនធានទឹក ចុះពិនិត្យ និងបញ្ជាការងារអន្តារាគមន៍ផ្ទាល់នៅលើបណ្តោយខ្នងទំនប់សណ្តរ​ស្ទឹងព្រែកត្នោត

ចែករំលែក៖

ភ្នំពេញ+ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃអង្គារ ១១រោជ ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី​ ១៣ ខែតុលា ឆ្នាំ ២០២០ នេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម រួម​ជាមួយ​ក្រុមការងារបច្ចេកទេសរបស់ក្រសួង បានចុះពិនិត្យ និងបញ្ជាការងារអន្តារាគមន៍ផ្ទាល់នៅលើបណ្តោយខ្នងទំនប់សណ្តរ​ស្ទឹងព្រែកត្នោត ដែលពេលនេះកំពុងប្រឈមដោយជំនន់ទឹកស្ទឹងព្រែកត្នោត ក្នុង​ភូមិសាស្រ្តភាគខាងលិចរាជធានីភ្នំពេញ និងខេត្តកណ្តាល ។

សូម​បញ្ជាក់​ថា​៖ ស្ថានភាពទឹកនៅទ្វារ​ទំនប់​អាងទឹក​ ៧មករា​ ព្រឹកនេះទឹក​មានកម្ពស់ 8,80 ម៉ែត្រ ធៀបនឹង​ថ្ងៃ​ម្សិលមិញមានការកើនឡើង 0,45ម៉ែត្របន្ថែម លើសកម្ពស់ឲ្យ​មានការ​ប្រុងប្រយ័ត្ន ៧ម៉ែត្រ ធ្វើឲ្យកម្ពស់ទឹកក្នុងស្ទឹងឡេីងជិតស្មើនឹងខ្នងទំនប់នៅតាមទីទំនាបមួយចំនួន ។ ពេលនេះក្រុមការងារបច្ចេកទេសរបស់ក្រសួង បាន​ និងកំពុងខិតខំជួសជុលបិតរូងនាគដែលបានលេចចេញជាបន្តបន្ទាប់ ដោយប្រើប្រាស់គ្រឿងចក្រកាយដីលើក និងបង្ហាប់ទំនប់ ព្រមទាំងច្រកបាវខ្សាច់ទប់លើកកម្ពស់ខ្នងទំនប់ និងជាការចូលរួមបន្ថែមរបស់ក្រសួងធនធានទឹក និងឧតុនិយម លោករដ្ឋមន្រ្តីបានឧបត្ថម្ភសំបកបាវចំនួន 3000 បាវ​ ជូនដល់​លោកស្រី គឹម ញឹម អភិបាលខណ្ឌដង្កោ​ ចាត់​ចែង​បន្ត​ទៅ​សង្កាត់ទាំង​ 03 ដើម្បីចូលរួមទប់ស្កាត់លំហូរទឹកលើតួទំនប់ទៅផ្នែកខាងក្រោមបង្កការលិចលង់ដល់លំនៅឋានប្រជាពលរដ្ឋ ។

ចាប់តាំងពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ រហូតមកដល់ពេលនេះ ក្រុមការងារបច្ចេកទេសក្រសួងធនធានទឹក បាន​ប្រេីប្រាស់​គ្រឿង​ចក្រ​ធុន​ធ្ងន់​ចំនួន ២៧គ្រឿង និងកម្លាំងពលកម្មប្រចាំការ២៤ម៉ោង និងជាពិសេសតាំងពីយប់ម្សិលមិញរហូតដល់វេលាថ្ងៃត្រង់នេះ ក្រុមការងាររបស់ក្រសួងបានខិតខំអន្តរាគមន៍រហូតគ្រប់គ្រងសភាពការណ៍ស្ថានភាពទឹកជំនន់ដែលកំពុងយាយីបានទាំងស្រុងមកវិញ ។
ជាមួយ​គ្នា​នេះ​ នាពេលដ៏ខ្លីខាងមុនក្រសួងធនធានទឹក និងឧតុនិយម នឹងចាប់ផ្តើមអនុវត្តគម្រោងប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ស្ទឹងព្រែកត្នោត រាជធានីភ្នំពេញ ខេត្តកណ្តាល​និង ខេត្តតាកែវ  ដែលទទួលបានជំនួយហិរញ្ញប្បទានពីសាធារណរដ្ឋប្រជាមានិតចិន ៕

ដោយ៖សុខ ខេមរា


ចែករំលែក៖