ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តកណ្ដាល បានចេញសេចក្ដីជូនដំណឹង ស្តីពីស្ថានភាពជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្រខេត្តកណ្ដាល

ចែករំលែក៖

ខេត្តកណ្តាល៖ រដ្ឋបាលខេត្តកណ្តាល សូមជម្រាបជូនដំណឹងដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋមេត្តាជ្រាបថា ៖ក្រោមការទទួលរងឥទ្ធិពលព្យុះជាបន្តបន្ទាប់ និងមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើនបង្ហូរ ខេត្តកណ្តាលបានទទួលឥទ្ធិពល ជំនន់ទឹកភ្លៀងពីខេត្តកំពង់ស្ពឺ តាមស្ទឹងព្រែកត្នោត ដែលធ្លាក់មកដល់ចំណុចសំណង់ទំនប់៧មករា(កំពង់ទួល) ដែលមកដល់ពេលនេះ ទឹកមានកម្រិតកម្ពស់ខាងក្រោយ កម្ពស់ ៩.២០ ម៉ែត្រ លើសពីកម្រិតកម្ពស់ទឹក ប្រុងប្រយ័ត្ន (៧ ម៉ែត្រ) ដែលបណ្តាលឲ្យទំនប់សណ្តរស្ទឹងទាំងសងខាងក្នុងភូមិសាស្ត្ររដ្ឋបាលរាជធានីភ្នំពេញ មានកម្រិតកម្ពស់ទឹកហូរពីលើខ្នងទំនប់សណ្ដរ ។ ស្ថានភាពនេះ អាចបណ្តាលឲ្យមានផលប៉ះពាល់ដល់ភូមិសាស្ត្រ ខេត្តកណ្តាល រួមមានស្រុកអង្គស្នួល ស្រុកកណ្តាលស្ទឹង និងក្រុងតាខ្មៅ។

ផ្អែកតាមស្ថានភាព ដូចបានជម្រាបជូនខាងលើនេះ សូមបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅ ស្រុកអង្គស្នួល ស្រុកកណ្តាលស្ទឹង និងក្រុងតាខ្មៅ មេត្តាត្រៀមបង្ការ និងប្រុងប្រយ័ត្នខ្ពស់។ ទន្ទឹមនឹងនេះ រដ្ឋបាលក្រុង -ស្រុក កងកម្លាំងប្រដាប់អាវុធទាំងបី និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ និងរៀបចំផែនការ អន្តរាគមន៍ ដោយត្រៀមកម្លាំង ក្នុងការទប់ស្កាត់ និងត្រៀមទីទួលសុវត្ថិភាពឲ្យបានច្បាស់លាស់ ដើម្បីធ្វើការ ជម្លៀសប្រជាពលរដ្ឋដែលរងគ្រោះ និងធ្វើការណែនាំអោយប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់លើអនាម័យ និង ការបង្ការការពារឆ្លងជម្ងឺនានា ក៏ដូចជាជម្ងឺកូវីដ-១៩ និងរាយការណ៍ជាបន្ទាន់ក្នុងករណីមានហេតុការណ៍កើត ឡើងក្នុងមូលដ្ឋានរបស់ខ្លួន។
អាស្រ័យហេតុនេះសូមបងប្អូនប្រជាពលរដ្ឋ មេត្តាជ្រាបជាព័ត៌មាន ៕ដោយ៖សិលា


ចែករំលែក៖