នៅក្នុងការផ្សាយរបស់បណ្តាញទូរទស្សន៍ជាតិកូរ៉េខាងជើង (KCNA) ពីពិធីដង្ហែក្បួនព្យុហយាត្រាទ្រង់ទ្រាយធំគម្រប់ខួប៧៥ឆ្នាំ ថ្ងៃបង្កើតបក្សពលករកូរ៉េខាងជើងនៅថ្ងៃទី១០ខែតុលា បានបង្ហាញឲ្យឃើញថា មានក្បួនដង្ហែរបស់ក្រុមនិស្សិតមកពីសាកលវិទ្យាល័យ គីម ជុងអ៊ុន។ តាមសារព័ត៌មានខាងលើ សាកលវិទ្យាល័យ គីម ជុងអ៊ុន បានបណ្តុះបណ្តាលផ្នែកការពារជាតិ និងបច្ចេកវិទ្យា។
នេះជាសាលាទីមួយដែលមានឈ្មោះ គីម ជុងអ៊ុន។ ជាមួយគ្នានេះនៅក្នុងប្រទេសកូរ៉េខាងជើង មានសាលារៀនល្បីៗជាច្រើនដាក់ឈ្មោះ គីម អុីលស៊ុង និងគីម ជុងអុីល។
មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានចាប់អារម្មណ៍យ៉ាងខ្លាំងដល់បច្ចេកវិទ្យា វិទ្យាសាស្ត្រ ដែលដើរតួនាទីយ៉ាងសំខាន់នៅក្នុងវិស័យផលិតអាវុធការពារជាតិ។
សារព័ត៌មាន(KCNA) មិនបានផ្សាយលម្អិតពីសាកលវិទ្យាល័យ
គីម ជុងអ៊ុននោះឡើយ។ ប៉ុន្តែមានប្រភពចារកិច្ចបានឲ្យដឹងថា សាលានោះគឺបូកបញ្ជូនមហាវិទ្យាល័យការពារជាតិនៅទីក្រុងKanggyeខេត្តJagang ស្ថិតនៅភាគខាងជើងកូរ៉េខាងជើង ជាមួយនិឹងមហាវិទ្យាល័យនៅជាយក្រុងព្យុងយ៉ាងមានឯកទេសបណ្តុះបណ្តាលលើបណ្តាញអុីនធើណេត ទប់ស្កាត់ការវាយប្រហារ។ ការបញ្ចូលគ្នានោះបានដាក់ឈ្មោះថ្មីជាសាកលវិទ្យាល័យ គីម ជុងអ៊ុន។
ឈ្មោះទីតាំងល្បីៗ មានផ្លូវថ្នល់ សាកលវិទ្យាល័យ … គឺបានដាក់ឈ្មោះអតីតអ្នកបង្កើតកូរ៉េខាងជើង គឺ គីម អុីលស៊ុង គីម ជុងអុីល ដែលជាជីតានិងជាឪពុក គីម ជុងអ៊ុន ។ ជាមួយគ្នានេះដែរ មេដឹកនាំ គីម ជុងអ៊ុន បានខិតខំ ដើម្បីកសាងសេដ្ឋកិច្ចប្រទេសជាតិឲ្យកាន់តែប្រសើរឡើង ពិសេសគឺវិស័យសេដ្ឋកិច្ច៕
ដោយ៖ធី រីណា