ខេត្តកណ្តាល៖ ក្រោយពីមានការចេញផ្សាយនៅលើទំព័ព័ត៌មានក្នុងស្រុកដែលចេញផ្សាយថា មានទីតាំងចិញ្ចឹមក្រពើមួយកន្លែងនៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ មានប្រជាពលរដ្ឋជិតខាងមានការព្រួយបារម្ភ ខ្លាចក្រែងមានទឹកភ្លៀងជន់លិចហើយរួចចេញមកក្រៅនោះរួចមក សមត្ថកិច្ចនគរបាលក្រុងតាខ្មៅបានធ្វើការស្រាវជ្រាវ និងបានអះអាងថាមិនមានការជន់លិចអាងចិញ្ចឹមក្រពើនោះទេ សូមប្រជាពលរដ្ឋកុំព្រួយបារម្ភ។
លោក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅបានប្រាប់អ្នកយកព័ត៌មាននគរវត្តតាមទូរស័ព្ទនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ថា នៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ពិតជាមានប្រជាពលរដ្ឋមួយគ្រួសារចិញ្ចឹមសត្វក្រពើប្រាកដមែន។ តាមការអះអាងរបស់ម្ចាស់កសិដ្ឋាននោះនៅក្នុងអាងមានចិញ្ចឹមសត្វក្រពើប្រមាណជាង៣០០ក្បាល ។
លោកអធិការបានបញ្ជាក់ថា អាងចិញ្ចឹមក្រពើនេះមិនងាយទឹកជន់លិចបានឡើយ ព្រោះអាងនេះមានកម្ពស់ខ្ពស់ខ្លាំងណាស់។ ទឹកបានត្រឹមតែជន់លិចក្បែរជើងរបងអាងចិញ្ចឹមក្រពើតែប៉ុណ្ណោះ លុះត្រាតែទឹកឡើង៥ម៉ែត្រទៀតបានអាចលិចអាងក្រពើនេះបាន។ លោក យី វណ្ណដា បានធ្វើសំណូមពរដល់បងប្អូនប្រជាពលរដ្ឋកុំមានការព្រួយបារម្ភអី និងបានធ្វើការសំណូមពរដល់សារព័ត៌មានមួយចំនួនមុននឹងធ្វើការផ្សព្វផ្សាយព័ត៌មានសូមធ្វើការស្រាវជ្រាវ និងសួរនាំអាជ្ញាធរឱ្យបានច្បាស់ ដើម្បីកុំឱ្យមានការយល់ច្រឡំ។
សូមបញ្ជាក់ថា អាងចិញ្ចឹមក្រពើខាងលើនេះមានទីតាំងក្នុងភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ដោយមានរបងថ្មនិងសំណាញ់កម្ពស់ប្រមាណ៥ម៉ែត្រហ៊ុមព័ទ្ធជុំវិញផងដែរ៕
ដោយ៖ស្អាងជ័យ