ព័ត៌មានទាន់ហេតុការណ៍៖

កាកបាទក្រហមកម្ពុជា ចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំ និងអគ្គលេខាធិការ កាកបាទក្រហម អឌ្ឍចន្ទក្រហម ភូមិភាគអាស៊ី-អាគ្នេយ៍ លើកទី១៧តាមប្រព័ន្ធវីដេអូ

ចែករំលែក៖

ភ្នំពេញ៖ នារសៀលថ្ងៃពុធ ទី១៤ ខែតុលា ឆ្នាំ២០២០ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យ លោកស្រី ពុំ ចន្ទីនីអគ្គលេខាធិការកាកបាទក្រហមកម្ពុជា ដឹកនាំគណៈប្រតិភូកាកបាទក្រហមកម្ពុជាចំនួន ៩រូប ចូលរួមក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំ និងអគ្គលេខាធិការកាកបាទក្រហម អឌ្ឍចន្ទក្រហម ភូមិភាគអាស៊ី–អាគ្នេយ៍លើកទី១៧តាមរយៈប្រព័ន្ធវីដេអូ ដែលប្រព្រឹត្តទៅរយៈពេល ២ថ្ងៃគឺ ថ្ងៃទី១៤–១៥ខែតុលា ឆ្នាំ២០២០ ចាប់ពីម៉ោង ១៣ និង៣០នាទីដល់ម៉ោង ១៦និង៣០នាទី ដែលប្រទេសវៀតណាមធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំឆ្នាំ២០២០នេះ។

កិច្ចប្រជុំនារសៀលនេះដែរ បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ លោកស្រីNguyen Thi Xuan Thu ប្រធានកាកបាទក្រហមវៀតណាមនិងអញ្ជើញជាភ្ញៀវកិត្តិយសពីលោក Vu Duc Dam ឧបនាយករដ្ឋមន្ត្រីវៀតណាម និងលោក Francesco Rocca ប្រធានសហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហម (IFRC) ព្រមទាំងអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃសមាគមជាតិប្រចាំភូមិភាគអាស៊ី–អាគ្នេយ៍។

នៅក្នុងពិធីបើកកិច្ចប្រជុំនេះ លោក Francesco Rocca ប្រធានសហព័ន្ធអន្តរជាតិ បានថ្លែងនូវការកោតសរសើរចំពោះសមាគមជាតិនៅក្នុងភូមិភាគអាស៊ី–អាគ្នេយ៍ ដែលបានចូលរួមក្នុងការទប់ស្កាត់ជំងឺកូវីដ–១៩ ដែលជាបញ្ហាប្រឈមនៅក្នុងពិភពលោកយើងនេះ។ ទន្ទឹមនឹងនេះលោកបានគូសបញ្ជាក់ ពីយុទ្ធនាការដែលសមាគមជាតិទាំងអស់បានរួមគ្នាជាសកលដើម្បីទប់ស្កាត់នឹងជំងឺកូវីដនេះ។ លោកបានបន្ថែមថា នៅលើពិភពលោកយើងនេះ មានហេតុការណ៍ជាច្រើនដែលអាចកើតឡើងដោយយើងមិនអាចស្មានបានដូចជា បញ្ហាកូវីដ បញ្ហាភ្លើងឆេះព្រៃនៅអូស្ត្រាលី បញ្ហាសន្តិសុខស្បៀង និងការប្រែប្រួលអាកាសធាតុ។ល។ ដែលបានផ្តល់ផលប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចពិភពលោក។

បន្ថែមពីនេះ លោកក៏បានរំលឹកឡើងវិញអំពីសន្និសីទអន្តរជាតិលើកទី៣៣នៃកាកបាទក្រហម អឌ្ឍចន្ទក្រហម នៅទីក្រុងហ្សឺណែវ កាលពីថ្ងៃទី១០ ខែធ្នូឆ្នាំ២០១៩ ដែលសហព័ន្ធអន្តរជាតិ រួមជាមួយសមាគមជាតិ បាននាំគ្នាឯកភាពគ្នាដាក់ចេញនូវទិសស្លោកមួយថា “យើងប្រឹងប្រែងធ្វើនៅក្នុងថ្ងៃនេះដើម្បីអនាគតបានល្អប្រសើរ – Act today, shape tomorrow” ហើយដែលកម្លាំងយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមនៅតាមមូលដ្ឋានរួមជាមួយបណ្តាញរបស់សមាគមជាតិ គឺជាប្រតិបត្តិករដ៏សំខាន់បំផុតនៅក្នុងការអនុវត្តការងារនេះ។

ជាមួយគ្នានេះដែរ សហព័ន្ធអន្តរជាតិប្រចាំតំបន់អាស៊ី–ប៉ាស៊ីហ្វិកគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម (ICRC) កាកបាទក្រហមថៃកាកបាទក្រហមវៀតណាម កាកបាទក្រហមឡាវ និងកាកបាទក្រហមកម្ពុជាក៏បានធ្វើបទអន្តរាគមន៍ ដោយផ្តោតលើការរួមកម្លាំងគ្នាយុទ្ធនាការនានា និងបទពិសោធន៍ នៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ–១៩ ដែលយើងទទួលស្គាល់ថា បញ្ហាកូវីដនេះ បានធ្វើឱ្យមានផលប៉ះពាល់ខាងផ្នែកសេដ្ឋកិច្ច ផ្នែកសង្គម និងបញ្ហាអត់ការងារ ដែលទាំងនេះជាអ្វីដែលសមាគមជាតិត្រូវបន្តរួមសាមគ្គីគ្នា ខិតខំធ្វើយ៉ាងណា ឱ្យការត្រៀមបង្ការរបស់យើងបានកាន់តែប្រសើរឡើង។

ក្នុងឱកាសនេះដែរ ក្នុងសុន្ទរកថាគន្លឹះរបស់ លោកស្រី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានគូសបញ្ជាក់ថា ក្នុងនាម សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមចូលរួមសោកស្តាយជាពិសេសចំពោះគ្រួសារដែលបានបាត់បង់ជីវីតដោយសារជំងឺកូវីដ–១៩ និងក្នុងគ្រោះទឹកជំនន់នាពេលថ្មីៗនេះ។ ជាមួយគ្នានេះ លោកស្រីអគ្គលេខាធិការ បានចែករំលែកនូវបទពិសោធន៍និងគូសបញ្ជាក់ពីភាពជោគជ័យរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងការទប់ស្កាត់ជំងឺកូវីដ មិនឱ្យមានអ្នកស្លាប់ និងគ្មានការឆ្លងរាលដាលក្នុងសហគមន៍ ដោយសារកម្ពុជាមានថ្នាក់ដឹកនាំដែលមានយុទ្ធសាស្ត្រនិងយន្តការច្បាស់លាស់ ហើយមានការប្តេជ្ញាចិត្តពីគ្រប់ភាគីពាក់ព័ន្ធនិងសហគមន៍ ឈរលើស្មារតីសាមគ្គីភាពឯកភាពគ្នា ចូលរួមក្នុងយុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ ទប់ស្កាត់រលកទី២ និងអនុវត្តការរស់នៅតាមបែបគន្លងថ្មី៕

ដោយ៖ស តារា


ចែករំលែក៖