ខេត្តស្ទឹងត្រែង៖គេប្រទះឃើញរថយន្តស៊េរីទំនើបម៉ាកហ្វដ ដឹកភ្ញៀវបង្កប់ឈើប្រណីតយ៉ាងគឃ្លើន បន្លំភ្នែកសមត្ថកិច្ច អាជ្ញាធរនិងមន្ត្រីជំនាញ ខណៈដែលពួកគាត់កំពុងជាប់រវល់ជួយសង្គ្រោះប្រជាពលរដ្ឋប្រឈមនឹងបញ្ហាទឹកជំនន់ដែលកំពុងតែគំរាមកំហែងមកលើប្រជាពលរដ្ឋរស់នៅតាមបងទន្លេនិងវាលទំនាប។ ដោយសារជំនន់ទឹកភ្លៀង ធ្វើឲ្យឈ្មួញឈើដុះស្លែឈ្មោះណាក់ ដែលរស់នៅភូមិកញ្ចាញ់គោក ឃុំសំបូរ ស្រុកសៀមប៉ាង នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០២០ គេឃើញរថយន្តម៉ាកហ្វដ ពណ៌ស ពាក់ស្លាកលេខ2AU-6791 ដឹកឈើមកឈប់នៅចំណុចផ្លូវបំបែកដុំក្រឡ ស្ថិតក្នុងភូមិរិទ្ធីសែនជ័យ១ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
បើតាមប្រភពបានលួចបង្ហើបថា ស្ទើររាល់ថ្ងៃគេតែងតែសង្គេតឃើញរថយន្តទំនើបដឹកភ្ញៀវបង្កប់ឈើប្រណិតមកទីរួមខេត្តស្ទឹងត្រែងជារឿងៗដោយយកមកដាក់តាមដេប៉ូធំៗក្នុងខេត្ត ហើយខណៈពេលនេះសមត្ថកិច្ច អាជ្ញាធរនិងមន្ត្រីជំនាញកំពុងតែជាប់រវល់មមាញឹកជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយសារគ្រោះទឹកជំនន់ ជួយជម្លៀសទៅរកទីទួលសុវត្ថិភាព ជន់លិចផលដំណាំ និងសត្វពាហនៈជាច្រើន ធ្វើឲ្យឈ្មួញរូបនេះឆ្លៀតឱកាសដឹកជញ្ជូនឈើយ៉ាងរលូន មិនខ្លាចអាជ្ញាធរ សមត្ថកិច្ចនិងមន្ត្រីជំនាញឡើយ។
សូមបញ្ជាក់ថា: មេឈ្មួញឈ្មោះណាក់ ខាងលើនេះមានឈ្មោះបោះសំឡេងខាងលួចដឹកឈើល្មើសច្បាប់ដោយគ្មានសមត្ថកិច្ចនិងមន្ត្រីជំនាញហ៊ានបង្រ្កាបឡើយ ព្រោះអាងមានមន្ត្រីជំនាញខិលខូចមួយចំនួនជាអ្នកមើលផ្លូវព្រោះតែបានផលប្រយោជន៍ ទើបធ្វើឲ្យមេឈ្មួញខាងលើធ្វើសកម្មភាពលួចដឹកជញ្ជូនឈើប្រណិីតបានយ៉ាងរលូន ទើបមិនដែលមានសមត្ថកិច្ច ឬមន្ត្រីជំនាញធ្វើការចាប់បង្ក្រាបចាត់ការតាមនិីតិវិធីច្បាប់រដ្ឋបាលព្រៃឈើ ក៏ដូចចាត់ការតាមច្បាប់ឧក្រិដ្ឋកម្មចំពោះជនដែលបំផ្លិចបំផ្លាញព្រៃឈើ ហើយដែលច្បាប់រដ្ឋធម្មនុញ្ញបានចែង៕
ដោយ៖មាស សុផាត