ភ្នំពេញ៖ ពេញមួយយប់ទល់ភ្លឺ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញមិនបានទទួលទានដំណេកទេ ខណៈដែលលោកមានភារកិច្ចចម្បងចំពោះមុខក្នុងការដឹកនាំក្រុមការងារ កម្លាំងប្រដាប់អាវុធ ចុះធ្វើអន្តរាគមន៍ជួយប្រជាពលរដ្ឋជាង៣០០០នាក់នៅក្នុងបុរីចំនួន២ក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ត្រូវបានជួយសង្គ្រោះ ដឹកមកកាន់ទីទួលសុវត្ថិភាព ក្នុងចន្លោះពីម៉ោង២ដល់ម៉ោង៤ទៀបភ្លឺថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ព្រឹកនេះ ពិសេសក្រុមសង្គ្រោះនឹងទៅតំបន់ព្រែកកំពិសបន្តទៀត។
ក្នុងប្រតិបត្តិការនេះ លោកអភិបាលរាជធានីបានបញ្ជាក់ហើយ ក្រៅពីសង្កាត់មួយចំនួនរួមមាន៖ សង្កាត់ទៀន សង្កាត់គងនយ សង្កាត់សាក់សំពៅ សង្កាត់ស្ពានថ្ម និងសង្កាត់រលួស និងមួយចំណែកនៃសង្កាត់ព្រែកកំពិស ក្នុងខណ្ឌដង្កោ ប្រជាពលរដ្ឋនៅខណ្ឌផ្សេងសូមកុំឱ្យមានការចលាចល ភ័យខ្លាចអី ចូលដំណេកចុះ ចំពោះរឿងទឹកជំនន់ពីទំនប់សណ្តស្ទឹងព្រែកត្នោតនេះ។
លោកថ្លែងថា កម្លាំងរបស់ស្នងការដ្ឋាន រាជធានី , កងរាជអាវុធហត្ថរាជធានី, កម្លាំងបញ្ជាការដ្ឋានកងអង្គរក្ស, អាជ្ញាធរមូលដ្ឋាន បានចុះទៅដល់ទីតាំងគ្រប់គោលដៅ ជួយប្រជាពលរដ្ឋទាន់ពេល វេលា ក្នុងនោះខាងកម្លាំងកងទ័ពជើងទឹកក៏បានផ្តល់អូប័រចំនួន២៤គ្រឿងទាំងយប់។ ជាពិសេសនោះលោកអភិបាលរាជធានីថែមទាំងឱ្យលេខទូរស័ព្ទរបស់លោកផ្ទាល់ និងក្រុមការងារដល់ប្រជាពលរដ្ឋរងគ្រោះខលមក ដើម្បីឱ្យកម្លាំងចុះទៅដល់ទីតាំងទាំងនោះ៕
ដោយ៖ សិលា