ខេត្តកណ្តាល៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឆ្លើយតបបំភ្លឺជូន បណ្តាញសារព័ត៌មានដែលបានផ្សព្វផ្សាយមានខ្លឹមសារថា «ប្រជាពលរដ្ឋមានការព្រួយបារម្ភខ្លាំងចំពោះអាងចិញ្ចឹមក្រពើមួយកន្លែងដែលមានទីតាំងស្ថិតនៅភូមិព្រែកសំរោង៣ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយសារមានការលិចទឹកខ្លាំង»។
ប្រជាពលរដ្ឋនៅតំបន់ជិតខាងបាននិងកំពុងបង្ហាញក្ដីព្រួយបារម្ភជាខ្លាំងចំពោះទីតាំងកសិដ្ឋានចិញ្ចឹមក្រពើមួយកន្លែង ដែលស្ថិតនៅក្នុងភូមិព្រែកសំរោង៣ ក្រុងតាខ្មៅ ខេត្តកណ្ដាល ព្រោះថាពេលនេះ ទឹកជំនន់ដែលកំពុងកើនឡើងយ៉ាងគំហុក បានធ្វើឲ្យអាងចិញ្ចឹមក្រពើមួយនេះមានទឹកពេញព្រៀបទៅហើយអាចនឹងលិច ដែលនាំឲ្យមានហានិភ័យកើតឡើងជាក់ជាមិនខានឡើយ។ ប្រជាពលរដ្ឋក៏សូមសំណូមពរឲ្យអាជ្ញាធរមូលដ្ឋានចុះត្រួតពិនិត្យ និងរកវិធីទប់ស្កាត់ជាមុនផង ដើម្បីជៀសវាងសត្វក្រពើទាំងនោះមានឱកាសចេញក្រៅអាង អាចបង្កគ្រោះថ្នាក់ដល់ពលរដ្ឋបាន។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាម ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ក៏ដូចជាក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ លោកអធិការនគរបាលក្រុងតាខ្មៅបានដឹកនាំកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅ សហការជាមួយក្រុមប្រឹក្សា និងលោកមេភូមិព្រែកសំរោង៣ ចុះពិនិត្យទីតាំងអាងចិញ្ចឹមក្រពើដែលប្រជាពលរដ្ឋមានការព្រួយបារម្ភ រួចពិនិត្យឃើញថា នៅជុំវិញទីតាំងមានរបងព័ទ្ធជុំវិញមានកម្ពស់៣ម៉ែត្រ ហើយក្នុងអាងចិញ្ចឹមក្រពើមានរៀបឥដ្ឋមានកម្ពស់៣,៥ម៉ែត្រដែលមិនអាចឱ្យសត្វក្រពើចេញរួចបានឡើយ។
បន្ទាប់មកសមត្ថកិច្ចបានណែនាំ និងធ្វើកិច្ចសន្យាដល់ម្ចាស់ទីតាំងឈ្មោះ ឡុច ប៊ុនថេង ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ការពារកុំឱ្យសត្វក្រពើចេញរួចពីបរិវេណដែលខ្លួនចិញ្ចឹមជាដាច់ខាត និងត្រូវរាយការណ៍ជាប្រចាំមកសមត្ថកិច្ចមូលដ្ឋានបើមានសភាពការណ៍ផ្សេងៗកើតឡើងពេលជំនន់ទឹកភ្លៀងកើនឡើង។
ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជាក់ថា អាស្រ័យហេតុនេះ សូមបណ្តាញសារព័ត៌មានផ្សេងៗ ដែលបានផ្សព្វផ្សាយ និងសាធារណជនទាំងអស់ដែលប្រើប្រាស់បណ្តាញសង្គមសូមមេត្តាជ្រាប និងកុំមានការភាន់ច្រឡំ៕
ដោយ៖ជ្រោយពេជ្រ