ខេត្តស្វាយរៀង ៖ លោកណុប ទូច អនុប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តស្វាយរៀងបានឱ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ថា អាងទឹកវ៉ៃគោកំពុងរងសម្ពាធយ៉ាងខ្លាំង ដោយកម្ពស់ទឹកលើសពីកម្រិតប្រកាសប្រុងប្រយ័ត្ន ខណៈបានធ្វើឱ្យស្រូវវស្សា និងភូមិឋានតាមបណ្តោយអាងទឹកនេះ មួយចំនួនបានលិច។
ប្រភពបន្តថា អាងទឹកសំខាន់ៗនៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នេះមាន៖
១-អាងទឹកវ៉ៃគោមានកម្ពស់៣,៨៣ម៉ែត្រកាលពីថ្ងៃទី១៤ ខែតុលា ខ្ពស់ជាងថ្ងៃទី១៣ ខែតុលាដែលមានកម្ពស់ត្រឹមតែ៣,៧៩ម៉ែត្រ។
កម្ពស់ទឹកបង្ហៀរមានកម្ពស់៣,៣០ម៉ែត្រដោយកម្ពស់ទឹកត្រូវប្រុងប្រយ័ត្ន៣,៧០ម៉ែត្រ។
២-ទឹកទន្លេវ៉ៃគោមានកម្ពស់៣,២០ម៉ែត្រកាលពីល្ងាចម្សិលមិញមានកម្ពស់៣,១៤ ម៉ែត្រ ខណៈកម្ពស់ទឹកត្រូវប្រុងប្រយ័ត្ន២,៩០ម៉ែត្រ។
៣-ត្រដែតមានកម្ពស់៣,៣២ម៉ែត្រកាលពីល្ងាចម្សិលមិញ៣,៣២ម៉ែត្រដោយកម្ពស់ទឹកត្រូវប្រុងប្រយ័ត្ន៣,៣០ម៉ែត្រ។
៤-ដូនទយមានកម្ពស់ទឹក៤,១៤ម៉ែត្រកាលពីល្ងាចមិញ៤,១៤ម៉ែត្រ
( កម្ពស់ បង្ហៀរ៤ម៉ែត្រ )កម្ពស់ទឹកត្រូវប្រុងប្រយ័ត្ន៤,៤០ម៉ែត្រ។
៥-អូរស្មាច់ទឹកមានកម្ពស់៤,៥០ម៉ែត្រកាលពីល្ងាចមិញ៤,៥០ម៉ែត្រ ខណៈកម្ពស់ទឹកត្រូវប្រុងប្រយ័ត្ន៤,៤០ម៉ែត្រ។
៦-កំពង់ជ្រៃទឹកមានកម្ពស់៣,៤៥ម៉ែត្រ កាលពីល្ងាចមិញ៣,៤៥ម៉ែត្រ កម្ពស់ទឹកត្រូវប្រុងប្រយ័ត្ន៤ម៉ែត្រ។
៧-ជប់ព្រីងទឹកមានកម្ពស់១,៦៥ម៉ែត្រកាលពីល្ងាចមិញកម្ពស់១,៧០ម៉ែត្រ។
និងទី៨-ក្រាំងលាវ ទឹកមានកម្ពស់២,៦៥ម៉ែត្រ កាលពីល្ងាចមិញ២,៥៨ម៉ែត្រ ។
សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃ ទី១៤ ខែតុលា ឆ្នាំ២០២០ លោកអភិបាលខេត្តស្វាយរៀង បានដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធប្រមាណជាង៣០០នាក់ រៀបចំបាវដាក់ខ្សាច់ លើកជាទំនប់សម្រាប់ទប់ទឹក ស្ថិតនៅចំណុចផ្លូវវាងក្រុង ចាប់ពីសង្កាត់ពោធិ៍តាហោ ដល់សង្កាត់គយត្របែក ក្រុងស្វាយរៀង ផងដែរ៕
ដោយ៖យឹម សុថាន