ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំប្រតិភូមន្ត្រីរាជការស៊ីវិល និងនគរបាលជាតិ នៃក្រសួងមហាផ្ទៃ ចូលរួមថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” នៅមណ្ឌប ឬប្រាសាទតូច តម្កល់ព្រះបរមរូបលើសួនច្បារខាងកើតវិមានឯករាជ្យ។
គួររំលឹកដែរថា ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” ព្រះអង្គបានប្រសូតនៅថ្ងៃអង្គារ ១១កើត ខែកត្តិក ឆ្នាំច ចត្វាស័ក ព.ស ២៤៦៥ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២។ ហើយព្រះអង្គបានយាងចូលព្រះទិវង្គត កាលពីថ្ងៃចន្ទ ១៥រោច ខែភទ្របទ ឆ្នាំរោង ចត្វាស័ក ព.ស ២៥៥៦ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ក្នុងព្រះជន្មាយុ ៩០ព្រះវស្សា នាទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។
ទិវាដ៏សែនអាឡោះអាល័យនេះ ជាគម្រប់ខួប៨ព្រះវស្សានៃការយាងសោយទីវង្គតរបស់ព្រះអង្គ។ ប្រជានុរាស្ត្រជាកូនចៅ ចៅទួត ចងចាំជានិច្ចនូវស្នាព្រះហស្ថដ៏ឧត្តុងឧត្តមរបស់ព្រះអង្គ ពិសេសគឺព្រះរាជកិច្ចទាមទារឯករាជ្យ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣៕
ដោយ៖សិលា