កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ប្រធានាធិបតីបារាំង លោកម៉ាក្រុង បានប្រកាសអនុវត្តច្បាប់គ្រាមានអាសន្ននៅតំបន់ជាច្រើនទូទាំងប្រទេស ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ជាថ្មី។
បើទោះបីប្រទេសបារាំងបានរឹតបន្តឹងទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ប៉ុន្តែនៅមានការឆ្លងរាលដាលជាច្រើនកើតឡើង។ ទាំងនោះហើយទើបប្រធានាធិបតីបារាំងសម្រេច អនុវត្តច្បាប់គ្រាអាសន្នតែម្តង។ ប្រធានាធិបតីម៉ាក្រុង បានប្រកាស
ទទួលស្គាល់ថា បារាំងនៅតែមានករណីឆ្លងកូវីដ-១៩ លើកទីពីរជាទ្រង់ទ្រាយធំ។
ប្រធានាធិបតីម៉ាក្រុងបានប្រកាសថា« វីរុសកូវីដ-១៩ បានវាយប្រហារយើងរយៈពេលជាង៨ខែកន្លងមក នៅពេលនេះយើងស្ថិតនៅក្នុងការឆ្លងដំណាក់កាលទីពីរ ដូច្នេះត្រូវតែមានវិធានការទប់ស្កាត់ឲ្យបានល្អបំផុត»។
ដើម្បីបញ្ចៀសវិបត្តិទ្រង់ទ្រាយធំកើតឡើង ប្រធានាធិបតី ម៉ាក្រុង បានសម្រេចអនុវត្តច្បាប់គ្រាអាសន្ន នៅទីក្រុងប៉ារីសនិងខេត្តក្រុងចំនួន៨ទៀត រួមមាន Lille, Grenoble, Lyon, Aix-Marseille, Montpellier, Rouen, Toulouse និង Saint-Etienne។ ច្បាប់គ្រាមានអាសន្ន នឹងចូលជាធរមានចាប់ពីថ្ងៃទី ១៧ខែតុលា ហើយពេលវេលាត្រូវ អនុវត្តនោះគឺនៅវេលាម៉ោង២១ យប់ដល់ម៉ោង៦ព្រឹក ដោយត្រូវអនុវត្តរយៈពេល១ខែពេញ។
ក្នុងពេលអនុវត្ត ពលរដ្ឋណាដែលបំពានច្បាប់នឹងទទួលរងការផាកពិន័យជាទឹកប្រាក់ ១៣៥ អឺរ៉ូ ហើយប្រសិនបើនៅតែបំពានលើកទីពីរគឺផាកពិន័យដល់ទៅ ១៥០០អឺរ៉ូ។ ប៉ុន្តែក៏មានករណីលើកលែងចំពោះអ្នកដែលចេញពីធ្វើការ ក្រោយម៉ោង២១ និងបញ្ហាពាក់ព័ន្ធសុខាភិបាល៕ដោយ៖ធី រីណា