ថៃសម្រេចប្រកាសអាសន្នក្នុងទីក្រុងបាងកកក្រោយពីមានបាតុកររាប់សិបពាន់នាក់ធ្វើបាតុកម្មឡោមព័ទ្ធការិយាល័យនាយករដ្ឋមន្ត្រី ។ នៅក្នុងសេចក្តីប្រកាសរដ្ឋាភិបាលថៃបានបញ្ជាក់ថា ច្បាប់អាសន្នបានហាមប្រាមពលរដ្ឋប្រមូលផ្តុំគ្នាលើសពី៥នាក់ ។
ក្រៅពីការកាត់បន្ថយការប្រមូលផ្តុំ ច្បាប់គ្រាមានអាសន្ននឹងត្រូវហាមប្រាមផ្សព្វផ្សាយព័ត៌មានបង្កឲ្យមានការភ័យខ្លាច ក្តីបារម្ភដល់ពលរដ្ឋ ប៉ះពាល់ដល់សន្តិសុខជាតិសណ្តាប់ធ្នាប់ក្នុងសង្គម។
នៅក្នុងសេចក្តីប្រកាសផ្សាយតាមកញ្ចក់ទូរទស្សន៍ កម្លាំងប៉ូលិសថៃបានបញ្ជាក់ថា ច្បាប់គ្រាមានអាសន្នគឺដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់ ទប់ស្កាត់ក្រុមជ្រុលនិយម បង្កភាពចលាចល អំពើហិង្សាកើតឡើង។
ច្បាប់គ្រាមានអាសន្នត្រូវបានអនុវត្តក្រោយពេលដែលក្រុមបាតុករថៃបន្តធ្វើបាតុកម្មក្នុងទីក្រុងបាងកកជាច្រើនសប្តាហ៍កន្លងមក។ ក្រុមបាតុករភាគច្រើនជានិស្សិតប្រមូលផ្តុំគ្នានៅមុខការិយាល័យរដ្ឋាភិបាល អំពាវនាវឲ្យនាយករដ្ឋមន្ត្រីប្រាយុទ្ធចាន់អូចា ចុះចេញពីតំណែង ហើយធ្វើការកែទម្រង់រដ្ឋធម្មនុញ្ញ។
កាលពីថ្ងៃទី១៤ខែតុលា ក្រុមបាតុករបានដង្ហែក្បួននៅជុំវិញរាជវាំងថៃ។ នៅក្នុងពេលនោះក៏មានការប៉ះទង្គិចគ្នាកើតឡើងរវាងក្រុមបាតុករ ទាមទារកែទម្រង់ នឹងក្រុមបាតុករអាវលឿងគាំទ្រ ។ ក្រុមអាវលឿងប្រកាសគាំទ្ររដ្ឋាភិបាល និងរាជានិយម។ កាលពីថ្ងៃទី១៣ខែតុលា មានបាតុករ២១នាក់ត្រូវបានចាប់ខ្លួនដោយសារតែការវាយប្រហារកម្លាំងប៉ូលិស ៕ដោយ៖ធី រីណា