ខេត្តស្វាយរៀង៖ លោកម៉ែន វិបុលអភិបាលខេត្តស្វាយរៀងបានអំពាវនាវឱ្យកងកម្លាំង មន្ទីរ-អង្គភាព និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវត្រៀមខ្លួនជានិច្ច២៤ម៉ោង លើ២៤ម៉ោង ចុះធ្វើអន្តរាគមន៍ជួយសង្គ្រោះ និងឧបត្ថម្ភដល់ប្រជាពលរដ្ឋ។
ការអំពាវនាវនេះបានធ្វើឡើងបន្ទាប់ពីលោកចុះពិនិត្យមើលពីស្ថានភាពកម្ពស់ទឹកអាងទន្លេវ៉ៃគោ និងទំនប់ទប់ទឹកនៅផ្លូវក្រវាត់ក្រុង ដើម្បីធ្វើការវាយតម្លៃ និងដាក់ចេញនូវវិធានការបន្ថែមក្នុងកិច្ចបង្ការហានិភ័យដែលបង្កឡើងដោយជំនន់ទឹកភ្លៀង នៅព្រឹកថ្ងៃទី១៥ ខែតុលាឆ្នាំ២០២០ស្ថិតក្នុងក្រុងស្វាយរៀង។
លោកអភិបាលខេត្តក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់នៅទូទាំងខេត្ត ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយទន្លេ ស្ទឹង និងទីកន្លែងនានាដែលមានហានិភ័យខ្ពស់អាចកើតមានឡើងនូវជំនន់ទឹកភ្លៀង សូមរក្សាសុវត្ថិភាព សុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ត្រៀមខ្លួនជានិច្ចបន្លាស់ទីទៅកាន់ទីទួលសុវត្ថិភាព រស់នៅដោយអនាម័យ មានការប្រុងប្រយ័ត្នខ្ពស់ពីករណីលង់ទឹក និងសត្វអាសិរពិសផ្សេងៗ ព្រមទាំងត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការការពារខ្លួនពីជំងឺកូវីដ-១៩ ដោយមិនត្រូវធ្វេសប្រហែសជាដាច់ខាត ។
សូមបញ្ជាក់ថា អាស្រ័យដោយភ្លៀងនៅតែបន្តធ្លាក់ដែលបានធ្វើឲ្យកម្ពស់ទឹកនៅតែបន្តកើនឡើងបន្តិចទៀតនៅថ្ងៃនេះ លោកអភិបាលខេត្តបានដាក់ចេញនូវវិធានការបន្ថែមដោយបានណែនាំដល់មន្ទីរជំនាញ និងអាជ្ញាធរក្រុងស្វាយរៀង ចាត់ចែងលើកទំនប់នៅផ្លូវក្រវាត់ក្រុងឲ្យខ្ពស់ថែមមួយកម្រិតទៀត និងរៀបចំបាវខ្សាច់បិទមាត់លូសំខាន់ៗជាប់ផ្លូវក្រវាត់ក្រុង និងដាក់ម៉ាស៉ីនបូមរំដោះទឹកនៅតាមគោលដៅសំខាន់ៗចេញពីក្នុងក្រុងក្នុងករណីភ្លៀងនៅតែបន្តធ្លាក់ជាគំហុក ដើម្បីបង្ការផលប៉ះពាល់នានា និងទប់ទឹកកុំឲ្យហូរកាត់ផ្លូវ និងហូរចូលក្រុងដែលអាចបង្កជាជំនន់ ឬមានការជន់លិចលំនៅឋានរបស់ប្រជាពលរដ្ឋ ៕ យឹម សុថាន