អន្តរជាតិ៖ បើទោះបីជាប្រទេសចិន រុស្ស៊ី និងគុយបា ដែលត្រូវបានមើលឃើញថា មានកំណត់ត្រាសិទ្ធិមនុស្សមិនសូវល្អនោះ កាលពីថ្ងៃទី១៣តុលាថ្មីៗនេះ ក៏បានជាប់ឆ្នោតសម្រាប់អាណត្តិថ្មីជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ បន្ទាប់ពីបានបោះឆ្នោតជ្រើសរើសសមាជិក១៥ប្រទេស សម្រាប់អាណត្តិ៣ឆ្នាំ ដែលនឹងចាប់ផ្តើមការងាររបស់ខ្លួនពីឆ្នាំ២០២១ ដល់២០២៣ ។
ក្រោយពេលប្រទេសចិន ជាប់ឆ្នោតក្លាយជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សស្ថានបេសកកម្មរបស់ខ្លួននៅអង្គការសហប្រជាជាតិលើកឡើងថា តែងតែភ្ជាប់សារៈសំខាន់នៃការលើកកម្ពស់ និងការពារសិទ្ធិមនុស្ស។ បេសកកម្មរបស់ចិន បានលើកឡើងទៀតថា៖ «ដោយយកលំនាំតាមលក្ខណៈបែបចិនចិនសម្រេចបានសមិទ្ធផលយ៉ាងច្រើនក្នុងការអភិវឌ្ឍសិទ្ធិមនុស្ស»។
ជាក់ស្តែង មុននឹងជាប់ឆ្នោតសម្រាប់អាណត្តិឆ្នាំ២០២១–២០២៣ ចិនធ្លាប់ជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្ស៤ដងរួមមកហើយ ពោលគឺក្នុងឆ្នាំ២០០៦២០០៩ ២០១៣ និង២០១៦។ ដោយចិន បានអះអាងថា ខ្លួននឹងចូលរួមយ៉ាងស៊ីជម្រៅក្នុងការងាររបស់ក្រុមប្រឹក្សា ដោយលើកកម្ពស់កិច្ចសហប្រតិបត្តិការ ក៏ដូចជាប្រឆាំងនឹងការប្រើប្រាស់ស្ថាប័ននេះដើម្បីបម្រើប្រយោជន៍នយោបាយ។ មិនតែប៉ុណ្ណោះ ចិន ក៏អះអាងផងដែរថានឹងជំទាស់ការអនុវត្តសិទ្ធិមនុស្សដោយមិនត្រឹមត្រូវ និងការអនុវត្តបទដ្ឋានពីរផងដែរ។
សូមជម្រាបថា ចិន ស្ថិតក្នុងចំណោមប្រទេស៤ ដែលជាប់ឆ្នោតសម្រាប់កូតាអាសន្នមកពីអាសុី-ប៉ាស៊ីហ្វិក។ ក្រៅពីចិន ប្រទេសដែលជាប់ឆ្នោតសម្រាប់អាស៊ី មានប៉ាគីស្ថាន នេប៉ាល់ អ៊ូសបេគីស្ថាន។ ចំណែក ប្រទេសអារ៉ាប៊ីសាអូឌីត ក៏ឈរឈ្មោះផងដែរ ប៉ុន្តែទទួលបានសំឡេងគាំទ្រតិចជាងគេក្នុងចំណោមប្រទេសទាំង៥ ដែលធ្វើឲ្យប្រទេសនេះ ខកឱកាសអង្គុយកៅអីក្រុមប្រឹក្សាសិទ្ធិមនុស្ស។
ជាក់ស្តែងសម្រាប់ការបោះឆ្នោតលើកនេះ ចិនទទួលបានត្រឹមតែ១៣៩សំឡេងប៉ុណ្ណោះ ដែលជាការធ្លាក់ចុះ២០ភាគរយ ធៀបនឹងកាលពីការបោះឆ្នោតក្នុងឆ្នាំ២០១៦។ បន្ទាប់ពីជាប់ជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សពេលនេះ ចិន ក៏ត្រូវរងការរិះគន់ជុំវិញបញ្ហាសិទ្ធិមនុស្សដែរ។ព្រោះប្រទេសលោកខាងលិច រិះគន់ចិនលើបញ្ហាសិទ្ធិមនុស្សលើជនជាតិភាគតិចនៅតំបន់ស៊ីនជាំង និងទីបេ ក៏ដូចជាព្រឹត្តិការណ៍ដែលកើតឡើងនៅទីក្រុងហុងកុង។ ក្រៅពីចិន ដែលរងការរិះគន់ពីលើបញ្ហាសិទ្ធិមនុស្ស រុស្ស៊ី និងគុយបាក៏ជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សានេះសម្រាប់កៅអីតំណាងតំបន់រៀងៗខ្លួនដែរ។
ដោយឡែក នាយកអង្គការ Human Rights Watch ប្រចាំ UN លោកLouis Charbonneau ក៏បានអះអាងថា បើសិនជាមានប្រទេសផ្សេងឈរឈ្មោះជាបេក្ខភាពសមាជិកក្រុមប្រឹក្សា នោះរុស្ស៊ី ចិន និងគុយបា ប្រាកដជាចាញ់មិនខាន។
បើតាមទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយថា រដ្ឋមន្ត្រីការបរទេសអាមេរិក ម៉ៃ ប៉ុមប៉េអូ ក៏ជាអ្នករិះគន់ចិនចំៗផងដែរ។ បន្ថែមពីនេះប្រមុខការទូតអាមេរិករូបនេះ អះអាងថា៖« ជាថ្មីម្តងទៀត អង្គមហាសន្និបាតអង្គការសហប្រជាជាតិ បានជ្រើសយកប្រទេសដែលមានកំណត់ត្រាមិនល្អលើបញ្ហាសិទ្ធិមនុស្ស»។
គួរជម្រាបដែរថា ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៦ និងដែលជាស្ថាប័នចំណុះឲ្យអង្គមហាសន្និបាត។ហើយស្ថាប័ននេះ មានរដ្ឋជាសមាជិកចំនួន៤៧ ជ្រើសរើសតាមរយៈការបោះឆ្នោតជាសម្ងាត់ និងមានអាណត្តិ៣ឆ្នាំ។ ព្រោះបច្ចុប្បន្ន ក្រុមប្រឹក្សានេះទទួលខុសត្រូវក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្ស។ រដ្ឋសមាជិកទាំង៤៧ ត្រូវបានបែងចែកតាមតំបន់ ដោយអាស៊ី-ប៉ាស៊ីហ្វិក និងអាហ្វ្រិកមាន១៣រដ្ឋដូចគ្នា អឺរ៉ុបខាងកើត៦រដ្ឋ អាមេរិកឡាទីននិងការ៉ាអ៊ីប៨រដ្ឋ និងអឺរ៉ុបខាងលិច និងតំបន់ផ្សេងៗទៀត៧រដ្ឋ៕ដោយ៖ស តារា