ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងចម្រុះរបស់អាជ្ញាធរនិងសមត្ថកិច្ចរាជធានីភ្នំពេញនៅតែមមាញឹកចុះជួយពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ កម្ពស់ទឹកស្ទឹងព្រែកត្នោត នៅតែបន្តឡើងខ្ពស់ និងជន់លិចដល់ សង្កាត់ជាច្រើនបន្ថែមទៀតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។

កម្លាំងចម្រុះក្នុងរាជធានីភ្នំពេញ រួមមាន អាជ្ញាធរ, កងរាជអាវុធហត្ថ, កងនគរបាល, កងអង្គរក្ស, កងពលតូចថ្មើរជើងលេខ៧០នៅតែមមាញឹកគ្រប់ពេលវេលា ក្នុងការចេញប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយទឹកជំនន់គ្រប់គោលដៅ។  

 ក្នុងនោះដែរលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាដោយម៉ឹងម៉ាត់ដល់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខណ្ឌដង្កោ ឲ្យដឹកនាំកម្លាំងចូលរួមសហការជាមួយកម្លាំងចម្រុះគ្រប់ប្រភេទ ធ្វើយ៉ាងណាជួយប្រជាពលរដ្ឋឲ្យបានជាអតិបរមា។ គិតតាំងពីម្សិលមិញ យប់មិញ រហូតមកដល់ពេលនេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានអនុវត្តបទបញ្ជារបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា ដោយដឹកនាំបញ្ជាកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញដោយផ្ទាល់ និងមានការចូលរួមពីក្រុមអូប័ររបស់ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចុះតាមគោលដៅរងគ្រោះ សង្គ្រោះពលរដ្ឋយ៉ាងមមាញឹកបំផុត។ ជាក់ស្តែងកាលពីម្សិលមិញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានឈរជើងដឹកនាំបញ្ជាកម្លាំងពេញមួយថ្ងៃនៅតំបន់ផ្លូវសណ្តស្ទឹង សង្កាត់គងនយ និង សង្កាត់រលួស។ លុះយប់ឡើងលោកបានបន្តទៅឈរជើងនៅតំបន់ផ្សារព្រែកជ្រៃ សង្កាត់ស្ពានថ្ម ពេញមួយយប់រហូតដល់ម៉ោង៥ភ្លឺ ទើបបន្តទៅឈរជើងនៅតំបន់លិចទឹកសង្កាត់ព្រែកកំពឹសដើម្បីដឹកនាំកម្លាំងច្រកការុងខ្សាច់ទប់ទឹកកុំឲ្យច្រោះដីដាច់ផ្លូវ រហូតដល់ពេលថ្ងៃត្រង់នេះ៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖