ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលរាជធានីភ្នំពេញបន្តចុះពិនិត្យស្ថានភាពលំបាករបស់ប្រជាពលរដ្ឋ រងគ្រោះដោយទឹកជំនន់នៅសង្កាត់ស្ពានថ្ម បន្ទាប់ពីបានដឹកនាំបញ្ជាផ្ទាល់ពេលយប់

ចែករំលែក៖

      ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៥ ខែតុលានេះ បានបន្ដចុះពិនិត្យស្ថានភាពទឹកដែលបានជន់លិចផ្ទះប្រជាពលរដ្ឋប្រមាណជាង៨០០គ្រួសារនៅសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ដែលរងគ្រោះដោយសារទឹកជំនន់ បន្ទាប់ពីលោកបានដឹកនាំបញ្ជាផ្ទាល់ដល់កម្លាំងជាច្រើននាក់បំពាក់ដោយឧបករណ៍សម្ភារបច្ចេកទេសរបស់កងទ័ពទាំងអស់ និងកងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ៧១១ នៃកងពលតូចលេខ៧០ ចេញប្រតិបត្តិការអន្តរាគមន៍ និងជួយសង្គ្រោះប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង។ លើសពីនេះទៀត លោកអភិបាលរាជធានីភ្នំពេញក៏បានបញ្ជាឲ្យរៀបចំលើកតង់ឡើង និងបើកទ្វារផ្ទះរបស់បុរី ដើម្បីទទួលប្រជាជនដែលបានចាកចេញពីផ្ទះដោយសារទឹកលិចមកជ្រកនៅបណ្តោះអាសន្ន ងាយស្រួល រដ្ឋបាលរាជធានីគ្រប់គ្រង និងផ្គត់ផ្គង់។

     គួរបញ្ជាក់ផងដែរថា កាលពីយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ប្រជាជនដែលរស់នៅបុរី VIP និងបុរីរតនៈភ្នំពេញ បានចាកចេញពីផ្ទះរបស់ខ្លួនដោយសារទឹកហូរចូល៕ ដោយ៖ សំរិត


ចែករំលែក៖