ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីទើបសម្រាលកូនចងកសម្លាប់ខ្លួននឹងចម្រឹងបង្អួចក្រោមផ្ទះដោយមិនដឹងមូលហេតុ

ចែករំលែក៖

ខេត្តស្វាយរៀង៖មានការភ្ញាក់ផ្អើលទាំងព្រឹកដល់ឪពុកម្ដាយនិងក្រុមគ្រួសារខណៈប្រទះឃើញកូនស្រីដែលទើបនឹងសម្រាលកូនបាន១២ថ្ងៃចងកសម្លាប់ខ្លួននឹងចម្រឹងបង្អួចក្នុងបន្ទប់ដេកក្រោមផ្ទះស្លាប់ដោយមិនដឹងមូលហេតុ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី១៥ ខែតុលាឆ្នាំ២០២០ស្ថិតក្នុងភូមិតាសេក ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។

ប្រភពពីសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា ស្ត្រីរូបនេះសង្ស័យគិតខ្លីសម្លាប់ខ្លួនមានឈ្មោះ រ័ត្ន ពុំ  អាយុ២៤ឆ្នាំ រស់នៅភូមិតាសេក ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។

បើតាមក្រុមគ្រួសារបានឲ្យដឹងថា គាត់មិនដឹងថាកូនស្រីគាត់មានវិបត្តិអ្វីទេទើបឈានដល់ការចងកសម្លាប់ខ្លួននោះ ប៉ុន្តែក្រោយពីសម្រាលកូនបាន១២ថ្ងៃកូនស្រីគាត់មានសភាពរវើរវាយនិយាយតែម្នាក់ឯង។ ស្រាប់តែនៅព្រឹកថ្ងៃកើតហេតុគាត់បានប្រទះឃើញកូនស្រីចងកនៅនឹងចម្រឹងបង្អួចស្លាប់បាត់ហើយទើបបង្កការភ្ញាក់ផ្អើលនិងរាយការណ៍ទៅសមត្ថកិច្ចតែម្ដង។

បន្ទាប់ពីមានសេចក្ដីរាយការណ៍ភ្លាមសមត្ថកិច្ចមូលដ្ឋាននគរបាលផ្នែកជំនាញនិងលោកវេជ្ជបណ្ឌិតនៃមន្ទីរពេទ្យបង្អែកស្រុករមាសហែកបានមកពិនិត្យសពឃើញថា ស្ត្រីរងគ្រោះពិតជាធ្វេីអត្តឃាតចងកខ្លួនឯងដោយបានយកក្រមាអំបោះពណ៌សចងកជាប់ទៅនឹងចម្រឹងបង្អូចក្នុងបន្ទប់ដេកក្រោមផ្ទះប្រាកដមែន ខណៈមិនមានស្លាកស្នាមអ្វីដែលសម្គាល់ថាជារឿងឃាតកម្មនោះទេ។

ក្រោយពីពិនិត្យសពរួចសមត្ថកិច្ចនគរបាលស្រុកបានប្រគល់ទៅឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕

ដោយ៖យឹម សុថាន


ចែករំលែក៖