ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់​ ៤១២គ្រួសារ​ នៅខេត្តពោធិ៍សាត់​ ទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា​

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ នៅថ្ងៃទី១៤-១៥ ខែតុលា ឆ្នាំ២០២០សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យ​ លោកវេជ្ជ. អ៊ុយ សំអាត នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ និងលោក ម៉ៅ ធនិន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ធ្ងន់ធ្ងរចំនួន ៤១២គ្រួសារ រស់នៅភូមិចំនួ​ន១០​ ក្នុងឃុំស្រែស្តុក​ ឃុំកោះជុំ​ និងឃុំកណ្តៀង ស្រុកកណ្តៀង​ ខេត្តពោធិ៍សាត់។ 

ក្នុងឱកាសនោះ លោក វេជ្ជ.​ អ៊ុយ​ សំអាត​ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ ដែលផ្តាំផ្ញេីសួរសុខទុក្ខ​ ក្តីអាណិតអាសូរ​ និងសូមចូលរួមការសោកស្តាយជាមួយប្រជាពលរដ្ឋដែលបានរងគ្រោះដោយសារទឹកជំនន់នាពេលនេះ​ ព្រមទាំងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់​ ៖

* សូមគិតគូរថែទាំសុខភាពឱ្យបានល្អ​ រក្សាអនាម័យស្អាត​ និងបរិភោគទឹកដាំឆ្អិនឬអាហារដែលចម្អិនបានល្អ ជៀសវាងជំងឺរាតត្បាតនានាដែលបង្កឡើងដោយទឹក និងប្រុងប្រយ័ត្នពីសត្វអាសិរពិសគ្រប់ប្រភេទ។

* សូមប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់លង់ទឹក ជាពិសេសកុមារ​ៗ ដែលងាយប្រឈមនឹងគ្រោះថ្នាក់នេះ

* សូមបន្តទប់ស្កាត់ជំងឺកូវីដ-១៩ នៅក្នុងសហគមន៍​ ដោយអនុវត្តតាមវិធានការនានារបស់ក្រសួងសុខាភិបាល​ និងទម្លាប់រស់នៅតាមបែបគន្លងថ្មី។ 

* សូមប្រុងប្រយ័ត្ន​ និងការពារកុំឱ្យកេីតមានជំងឺគ្រុនឈាម និងគ្រុនឈីក។

សូមបញ្ជាក់ថា​ គ្រួសាររងគ្រោះនីមួយៗទទួលបាន​ ៖​ អង្ករ​ ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង និងទឹកស៊ីអ៊ីវ៦ដប៕

ដោយ៖ សិលា


ចែករំលែក៖