ខេត្តព្រះសីហនុ៖ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានថ្លែងប្រាប់ឲ្យដឹងថា ៖ រហូតមកដល់ពេលនេះ ជំនន់ទឹកភ្លៀង លាយលំជាមួយទឹកភ្លៀង បានលិចចូលដល់ភូមិឋានរបស់ប្រជាពលរដ្ឋមួយនៅឃុំទួលទទឹង ស្រុកព្រៃនប់។
លោកបន្តថា៖ ជំនន់ទឹកភ្លៀងចាប់ផ្ដើមលិចចូលដល់ភូមិឋានរបស់ប្រជាពលរដ្ឋក្នុងឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះ ខណៈមេឃធ្លាក់ភ្លៀងជាបន្ដបន្ទាប់តាំងពីថ្ងៃទី១៥ ខែតុលាម្សិលមិញ រហូតមកដល់ព្រឹកនេះ។
ឧត្តមសេនីយ៍ស្នងការ នៅពេលនេះកម្លាំងអាជ្ញាធរ និងសមត្ថកិច្ចកំពុងតែជម្លៀសប្រជាពលរដ្ឋចេញពីកន្លែងលិចលង់ មកកាន់ទីទួលមានសុវត្ថិភាព។ ដោយឡែក ស្ថានភាពទឹកនេះ ក៏ឡើងប្រៀងនឹងផ្លូវជាតិលេខ៤ផងដែរ។
សូមបញ្ជាក់ថា៖ កាលពីព្រឹកថ្ងៃទី១៥ ខែតុលា ម្សិលមុិញ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងថ្មីមួយ បញ្ជាក់អំពីស្ថានភាពអាកាសធាតុនៅក្នុងប្រទេសកម្ពុជា ដែលប្រឈមជាមួយសម្ពាធទាបមកពីប្រទេសវៀតណាម នឹងធ្វើឲ្យមានភ្លៀងធ្លាក់ខ្លាំងចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០។
ក្រសួងធនធានទឹក បន្តថា៖ ព្យុះទី១៧ ឈ្មោះ សូឌែល (SAUDEL) កម្ពុជាចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែតុលា អាចមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន ,តំបន់សមុទ្រភ្លៀងធ្លាក់ច្រើន និងរលកខ្លាំង៕
ដោយ៖សិលា