ខេត្តពោធិ៍សាត់ ៖ អ្នកស្រុកបានប្រទះឃើញសពបុរសម្នាក់អណ្ដែតក្នុងស្រះទឹកខាងក្រោយភូមិបង្កការភ្ញាក់ផ្អើល បន្ទាប់ពីបុរសរូបនេះបានបាត់ខ្លួន៣ទៅ៤ថ្ងៃកន្លងមកហើយនោះ។ នេះបើតាមការអះអាងបញ្ជាក់ពីលោកមេភូមិប្រាប់សមត្ថកិច្ចនគរបាល ។
ហេតុការណ៍ប្រទះឃើញសពខាងលើនេះ គឺនៅវេលាម៉ោងប្រមាណ១១ និង៣០នាទីថ្ងៃត្រង់ ថ្ងៃព្រហស្បតិ៍ ១៣រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស .២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ ក្នុងស្រះទឹកមួយកន្លែងត្រង់ចំណុចក្បែរទួលអ្នកតាក្រវាន់ ស្ថិតនៅក្នុងភូមិកណ្ដាល ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
តាមការបញ្ជាក់អះអាងពីឈ្មោះ ចាន់ អឿន ភេទប្រុស អាយុ ៧០ឆ្នាំ ជាមេភូមិកណ្ដាលបានប្រាប់សមត្ថកិច្ចនគរបាលថា ជនរងគ្រោះឈ្មោះ កែវ ធា ហៅតាក់ ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ ។ ជនរងគ្រោះ(ស្លាប់)បានបាត់ខ្លួនរយៈពេល៣ទៅ៤ថ្ងៃកន្លងមកហើយ ដោយពុំមាននរណាដឹងអំពីមូលហេតុអ្វីនោះទេ ព្រោះមួយរយៈកន្លងមកជនរងគ្រោះ(កែវ ធា ហៅតាក់)មិនដែលឃើញដេកផ្ទះទេ គឺដេកនៅម៉ុងខ្មោចក្បែរកន្លែងកើតហេតុ ។
យោងតាមប្រភពពីលោកមេភូមិដដែលបញ្ជាក់ទៀតថា ជនរងគ្រោះជាមនុស្សញៀនថ្នាំ។ក្រោយទទួលបានព័ត៌មាននេះ សមត្ថកិច្ចជំនាញបានសហការគ្នាចុះពិនិត្យ និងស្រាវជ្រាវ រួចធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារដើម្បីយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ដោយ៖ បុឹម ពិន