រដ្ឋមន្រ្តីក្រសួងកីឡារបស់ប្រទេសអុីតាលីលោក Vincenzo Spadaforaបាននិយាយនៅថ្ងៃព្រហស្បតិ៍ទី ១៥ ខែតុលានេះថា កីឡាករ Cristiano Ronaldo អាចបានរំលោភលើវិធានការ ការពារ COVID-19 របស់ប្រទេសអុីតាលីដោយវិលត្រឡប់ទៅទីក្រុង Turin ពីព័រទុយហ្គាល់បន្ទាប់ពីបានធ្វើតេស្តវិជ្ជមាន។
នៅពេលត្រូវបានសួរថា តើការវិលត្រឡប់របស់តារាព័រទុយហ្គាល់វ័យ៣៥ឆ្នាំរូបនេះបានល្មើសនឹងច្បាប់ការពារ COVID-19 ឬអត់នោះទេ? Ronaldo បានចាកចេញពីជំរុំក្រុមព័រទុយហ្គាល់នៅជិតទីក្រុងលីសបោនកាលពីថ្ងៃពុធ ដើម្បីហោះហើរត្រឡប់ទៅភាគខាងជើងនៃប្រទេសអុីតាលីតាមយន្ដហោះផ្ទាល់ខ្លួនរបស់គាត់។
ក្លិប Juventus បានចេញសេចក្តីអះអាងថា កីឡាករ Cristiano Ronaldo បានវិលត្រឡប់ទៅកាន់ប្រទេសអុីតាលីវិញជាមួយនឹងជើងហោះហើរវេជ្ជសាស្រ្តដែលត្រូវបានអនុញ្ញាតដោយអាជ្ញាធរសុខភាពដែលមានសមត្ថភាពតាមការស្នើសុំរបស់កីឡាករ ហើយនឹងបន្តនៅដាច់ដោយឡែកពីគេ ដោយនៅផ្ទះរបស់គាត់ ។
ម្ចាស់ពានរង្វាន់ Ballon d’Or ៥សម័យកាលរូបនេះមានសុខភាពធម្មតាបន្ទាប់ពីបានធ្វើតេស្តវិជ្ជមានកាលពីថ្ងៃចន្ទដែលជាថ្ងៃបន្ទាប់ពីព័រទុយហ្គាល់ស្មើ ០-០ ជាមួយបារាំងនៅទីក្រុងប៉ារីស។
ទោះយ៉ាងណាករណីនេះបានបន្តមានភាពចម្រូងចម្រាសជុំវិញការចាកចេញរបស់គាត់ពីទីក្រុង Turin កាលពីសប្តាហ៍មុនដែលអាជ្ញាធរសុខាភិបាលក្នុងតំបន់បាននិយាយថា បានរំលោភលើពិធីសារការការពារមេរោគបន្ទាប់ពីបុគ្គលិករបស់ក្រុម Juventus ចំនួន២នាក់បានធ្វើតេស្តវិជ្ជមាន ៕ដោយ៖ភារៈ