ឥភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលឈរជើងជាប់ជាប្រចាំនៅតំបន់រងគ្រោះដោយទឹកជំនន់ក្នុងខណ្ឌដង្កោ នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា រហូតមកដល់ពេលនេះ ប្រជាពលរដ្ឋជាង៥០០០គ្រួសារហើយត្រូវបានជម្លៀសមកទីទួលសុវត្ថិភាពជាមួយការមើលថែទាំយ៉ាងយកចិត្តទុកដាក់ពីកម្លាំងអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់។
លោក ឃួង ស្រេង បានបញ្ជាក់ថា ផែនការទី១នៃការសង្គ្រោះប្រជាពលរដ្ឋកម្លាំងអាជ្ញាធរ និងសមត្ថកិច្ចបានរួមដៃគ្នាអនុវត្តទទួលបានជោគជ័យនិងគ្រប់គ្រងបានគ្រប់ស្ថានការណ៍ទាំងអស់។ ពលរដ្ឋដែលត្រូវជម្លៀសមកកន្លែងមានសុវត្ថិភាពនេះ រួមមាន នៅខណ្ឌកំបូល,ពោធិ៍សែនជ័យ និងខណ្ឌដង្កោ ដែលរងគ្រោះច្រើនជាងគេ។
លោក ឃួង ស្រេងបញ្ជាក់ថា ទីតាំងដែលរដ្ឋបាលរាជធានីភ្នំពេញដាក់ឲ្យប្រជាពលរដ្ឋស្នាក់នៅបណ្តោះ អាសន្ន មាន៥ទីតាំង ក្នុងនោះរួមមាន ទីតាំងសាក់សំពៅ គងនយ រលួស នៅក្នុងបុរីពិភពថ្មីកួរស្រូវ២ និងទីតាំងមុខផ្សារព្រែកជ្រៃ។
លោកអភិបាលសង្កត់ធ្ងន់ថា មិនត្រឹមតែសង្គ្រោះប្រជាពលរដ្ឋមកដាក់លើទីទួលសុវត្ថិភាពប៉ុណ្ណោះទេ អាជ្ញាធរថែមទាំងបានរៀបចំផ្តល់អាហារជូនពួកគាត់ផងដែរ ប្រកបដោយការទទួលខុសត្រូវ និងអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងការផ្គត់ផ្គង់ម្ហូបអាហារដល់កងកម្លាំងគ្រប់ប្រភេទថែមទៀតផង។
លោក ឃួង ស្រេង បានបញ្ជាក់ទៀតថា៖ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានឲ្យរដ្ឋបាលរាជធានីភ្នំពេញយើងខ្ញុំនេះរៀបចំផ្គត់ផ្គង់ស្បៀងអាហារជូនដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសទឹកមិនឲ្យបងប្អូនខ្វះបរិភោគនោះទេ។ យើងក៏បានរៀបចំបាយទឹកជូនដល់កងកម្លាំងអ្នកជួយសង្គ្រោះ និងជួយអ្នកដែលជាជនរងគ្រោះមិនឲ្យមានការខ្វះខាតទេ រាប់ទាំងអ្នកសារព័ត៌មានផងដែរ»។
ក្នុងករណីទឹកជំនន់មិនទាន់ស្រកចុះ ឬក៏កាន់តែកើនឡើង អភិបាលរាជធានីភ្នំពេញបានអះអាងថា កងកម្លាំងគ្រប់ប្រភេទត្រៀមអន្ដរាគមន៍ជួយដល់ប្រជាពលរដ្ឋ មិនបោះបង់ចោលប្រជាពលរដ្ឋម្នាក់ណាឡើយ ហើយនេះជាការប្ដេជ្ញាចិត្ត និងអនុវត្តតាមអនុសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានបន្ដប្រកាសលេខទូរស័ព្ទចំនួន១០ខ្សែ ដើម្បីប្រជា ពលរដ្ឋទាក់ទងពេលត្រូវការជំនួយសង្គ្រោះបន្ទាន់ ពាក់ព័ន្ធករណីទឹកជំនន់ នៅខណ្ឌដង្កោ។
លេខទូរស័ព្ទត្រូវបានបែកចែកជាពីរក្រុម ដោយមួយក្រុមសម្រាប់មូលដ្ឋានសង្កាត់ស្ពានថ្ម ដែលមានលោក ឃួង ស្រេង ជាប្រធានផ្ទាល់តែម្ដង រួមមាន៖ 097 298 0533, 097 458 7803, 097 304 0851, 097 275 8464, 097 205 9406។ ដោយឡែកសម្រាប់ក្រុមការងារ ដឹកនាំដោយ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ នៅសង្កាត់ព្រែកកំពឹស និងសង្កាត់រលួស រួមមាន៖ 097 488 2952, 097 525 1727, 097 885 2543, 097 880 1928, 097 550 5697។
សូមបញ្ជាក់ថា៖ មូលដ្ឋានសង្កាត់ចំនួន៥ ក្នុងខណ្ឌដង្កោ កំពុងរងនូវការវាយប្រហារយ៉ាងដំណំពីទឹកជំនន់ រហូតមកដល់ពេលនេះ កម្លាំងសមត្ថកិច្ចចម្រុះជាច្រើនរយនាក់កំពុងធ្វើការសង្គ្រោះប្រជាពលរដ្ឋ និងជម្លៀសចេញពីលំនៅឋានដើម្បីយកទៅទីទួលសុវត្ថិភាព ៕ដោយ៖សំរិត